2024-10-31 02:10
9

ភ្នំពេញ៖ បេក្ខជនប្រឡងបាក់ឌុប ដែលមានវ័យចំណាស់ជាងគេ លោកស្រី ហែម ស៊ីណាត ដែលបច្ចុប្បន្នជាគ្រូបង្រៀនអក្ខកម្ម មកពីភូមិថ្នរមៀលខាងកើត ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានបន្តធ្លាក់ជាលើកទី៣  លោកស្រីបានចូលរួមប្រឡងបាក់ឌុបជាលើកដំបូង កាលពីឆ្នាំ២០២២ កន្លងទៅ។

គួរបញ្ជាក់ថា អ្នកស្រី ហែម ស៊ីណាត រៀនបានជាប់សញ្ញាបត្រឌីប្លូម នៅស្រុកកំណើត ឯខេត្តកំពត និងបានធ្វើចំណាកស្រុកទៅរស់នៅភូមិពាក់ស្បែក ស្រុករតនមណ្ឌល ខេត្តបាត់ដំបង កាលពីឆ្នាំ១៩៨៥ ហើយបន្តទៅរស់នៅភូមិថ្មរមៀលខាងកើត ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តន្ទាយមានជ័យ នាឆ្នាំ២០០៨។  លោកស្រីបានចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) លើកទី១ សម័យប្រឡង៖ ០៥ ធ្នូ ឆ្នាំ២០២២, លើកទី២ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ លទ្ធលផលធ្លាក់ស្ទើរគ្រប់មុខវិទ្យា និងលើកទី៣ សម័យប្រឡង៖ ០៨ តុលា ២០២៤ បន្តធ្លាក់ទៀត។

អ្នកស្រី ហែម ស៊ីណាត គ្រូបង្រៀនអក្ខកម្មមានមហិចតាប្រឡងយកសញ្ញាបត្របាក់ឌុបឱ្យជាប់ ដើម្បីបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅរាជធានីភ្នំពេញ ប៉ុន្តែសម្រាប់ការព្យាយាមរបស់លោកស្រីក្នុងការប្រឡងបាក់ឌុបចំនួន ០៣លើកបន្តបន្ទាប់គ្នានេះ លទ្ធផលមិនបានដូចបំណងឡើង ហើយលោកស្រីក៏មិនបោះបង់សេចក្តីប្រាថ្នានេះដែរ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងអប់រំ យុវជន និងកីឡា ចំពោះលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ បានបញ្ជាក់ថា៖ «ការប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល និងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សម្រាប់ខេត្តដទៃទៀត»។

ក្រសួងបានបញ្ជាក់ថា៖ «ជាលទ្ធផល បេក្ខជនប្រឡងជាប់ សរុបចំនួន ១០៦ ៣៥១ នាក់ ត្រូវជា ៧៩.០០ ភាគរយនៃចំនួនបេក្ខជនមកប្រឡង។ បេក្ខជនជាប់និទ្ទេស A ចំនួន ២ ២១៦ នាក់, និទ្ទេស B ចំនួន ៩ ៧០១ នាក់, និទ្ទេស C ចំនួន ២២ ៦៧៥ នាក់, និទ្ទេស D ចំនួន ៣៦ ៦៨៣ នាក់, និងនិទ្ទេស E ចំនួន ៣៥ ០៧៦ នាក់»៕