ភ្នំពេញ៖ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវលេខ៥៩៨ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោកដាក់គោលដៅរឹតបន្តឹងច្បាប់ចរាចរណ៍បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ក្រោយរកឃើញគ្រាប់កាំភ្លើងចំនួន៦គ្រាប់នៅជាប់ខ្លួន។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើកម្លាំងគណៈបញ្ជាការឯកភាពបានដាក់គោលដៅរឹតបន្តឹងច្បាប់ចរាចរណ៍។បន្ទាប់មកស្រាប់តែឃើញបុរស២នាក់ជិះម៉ូតូមួយគ្រឿងគួរឱ្យសង្ស័យក៏ហៅឃាត់ឆែកឆេរលើដងខ្លួនប្រទះឃើញមានគ្រាប់កាំភ្លើងចំនួន៦គ្រាប់ម៉ាករ៉ូឡូទើបឃាត់ខ្លួនតែម្តង។
ក្រោយសួរនាំជនសង្ស័យបានសារភាពថា គ្រាប់កាំភ្លើងទាំងនេះពួកគេរើសបានទេ។
បច្ចុប្បន្នយុវជនទាំងពីរនាក់ត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកធ្វើការសួរនាំបន្ត៕