2024-11-01 12:11
7

(សិង្ហបុរី)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង លោក គីម មីនសុក (KIM Min Seok) អនុរដ្ឋមន្រ្តីក្រសួងមុខរបរ និងការងារនៃសាធារណរដ្ឋកូរ៉េ បានជួបពិភាក្សាគ្នាជាលក្ខណៈទ្វេភាគី នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នាឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការងារអាស៊ាន លើកទី២៨ និងកិច្ចប្រជុំពាក់ព័ន្ធនៅក្នុងប្រទេសសិង្ហបុរី។

នៅក្នុងជំនួបទ្វេភាគីនេះលោករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលតែងតែយកចិត្តទុកដាក់ដល់ពលករទេសន្តរប្រវេសន៍កម្ពុជា ដែលកំពុងបម្រើការងារនៅក្នុងសាធារណរដ្ឋកូរ៉េ ក៏ដូចជាការជួយគាំទ្រនិងជំរុញការអភិវឌ្ឍជំនាញបណ្ដុះបណ្តាលវិជ្ជាជីវៈ ពិសេសលើវិស័យឧស្សាហកម្មនិងច្បាប់សុវត្ថិភាពនិងសុខភាពការងារ (Occupational Safety and Health - OSH) តាមរយៈទីភ្នាក់ងារសេវាមុខរបរនិងការងារកូរ៉េ (Korea Labor and Employment Service - KLES) និងតាមរយៈប្រព័ន្ធអនុញ្ញាតមុខរបរ (Employment Permit System - EPS)។ 

ឯកឧត្តមរដ្ឋមន្រ្តីក៏បានស្នើឱ្យរដ្ឋាភិបាលកូរ៉េពិចារណាបង្កើនកូតា (Quota) និងឱកាសការងារបន្ថែមទៀតសម្រាប់ពលករជំនាញកម្ពុជាដើម្បីអាចឱ្យពលករជំនាញទាំងនោះអាចចូលរួមចំណែកក្នុងការអភិវឌ្ឍកម្ពុជាពេលចប់អាណត្តិការងារនៅសាធារណរដ្ឋកូរ៉េ។

ជាការឆ្លើយតបលោកអនុរដ្ឋមន្ត្រី គីម មីនសុក បានថ្លែងអំណរគុណចំពោះ ឯកឧត្តមរដ្ឋមន្ត្រីដែលបានកោតសរសើរពីកិច្ចខិតខំប្រឹងប្រែងនិងការគាំទ្ររបស់សាធារណរដ្ឋកូរ៉េ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការងារអាស៊ានបូកបី ព្រមទាំងបង្ហាញនូវគោលជំហរ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការជួយបន្ដពង្រឹងនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈពិសេសតាមរយៈការធ្វើឱ្យប្រសើរឡើង នូវយន្តការទទួលយកពលករទេសន្តរប្រវេសន៍របស់កម្ពុជាមកធ្វើការនៅសាធារណរដ្ឋកូរ៉េថែមទៀត៕