2024-06-30 16:59
212

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានចាត់អោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងសហគមន៍ក្រីក្រ សរុបចំនួន ៣.២៤៨ ករណី។
សម្រាប់បេសកម្មចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋ ក្នុងខណ្ឌពោធិ៍សែនជ័យនោះ រួមមាន៖ ជំងឺទូទៅ, ជំងឺមាត់ធ្មេញ, ពិនិត្យអេកូ និងរោគស្រ្តី, ជំងឺបេះដូង, ជំងឺភ្នែក, វះកាត់តូច, ជំងឺឫសដូងបាត, ជំងឺសន្លាក់, ជំងឺសើរស្បែក, ជំងឺត្រចៀក ច្រមុះ បំពងក, ថតកាំរស្មី X , ពិនិត្យឈាម, ក្នុងនោះករណីជំងឺធ្ងន់ធ្ងរត្រូវបញ្ជូនទៅព្យាបាលបន្តមាន ចំនួន ៦៧ករណី។
  ការចុះព្យាបាលរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ប្រព្រឹត្តទៅនៅក្នុងបរិវេណ វិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី អរុណវតី ភូមិត្រពាំងអណ្តូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយមានការចូលរួមផង ពីសំណាក់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់, យុវជន អ.ម.ត, យុវជន ស.ស.យ.ក, យុវជនកាកបាទក្រហមកម្ពុជា, យុវជនកាយរិទ្ធជាតិកម្ពុជា ព្រមទាំងក្រុមការងារពាក់ព័ន្ធជាច្រើនរូបទៀត ។ 
ប្រជាពលរដ្ឋ ដែលអញ្ជើញមកទទួលសេវាពិនិត្យ និងព្យាបាលសុខភាពទាំងអស់ បានសម្តែងក្តីសប្បាយរីករាយ និងថ្លែងអំណរគុណជាអនេកចំពោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ដែលបានចង្អុលបង្ហាញដល់ក្រុមគ្រូពេទ្យជំនាញចុះមកពិនិត្យ និងព្យាបាលជូនពួកគាត់ ។
 រាល់ការចំណាយទាំងអស់ក្នុងសកម្មភាពនេះ គឺឧបត្ថម្ភគាំទ្រដោយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតផ្ទាល់៕