2024-11-08 09:11
37

(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជាដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន, នឹងរៀបចំកម្មវិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជា ថ្នាក់ជាតិ-អន្តរជាតិ ឆ្នាំ២០២៤ ក្រោមប្រធានបទ៖ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីភាពធន់សហគមន៍ក្នុងសន្តិភាព» ដែលនឹងប្រព្រឹត្តទៅរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ នៅពហុកីឡដ្ឋាន ខេត្តឧត្តរមានជ័យ។

ដើម្បីឈានឆ្ពោះកម្មវិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជា ថ្នាក់ជាតិ-អន្តរជាតិ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅនៅដើមខែធ្នូខាងមុខនេះ, នៅថ្ងៃទី៥-៦ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងបោះជំរំ និងទីតាំងសហគមន៍គោលដៅចំនួន៣ ដែលនឹងត្រូវចុះទស្សនកិច្ចសិក្សា រួមជាមួយទីតាំងដាំដើមឈើចំនួន ១,៥០០ដើម ក្នុងអំឡុងពេលកម្មវិធីបោះជំរំ។

តាមការគ្រោងទុក, ក្រៅពីសកម្មភាពនៅក្នុងជំរំ សមាជិក-សមាជិកានៃជំរំ នឹងត្រូវបានបែងចែកជា៣ក្រុម ដើម្បីចុះទស្សនកិច្ចសិក្សានៅតាមសហគមន៍ ដែលក្នុងនោះរួមមាន៖
* ក្រុមទី១៖ ចុះទៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោ ភ្នំ២០០ និងវិមានឈ្នះ ឈ្នះ ដែលមានចម្ងាយប្រមាណ៧៥គីឡូម៉ែត្រពីទីរួមខេត្តដើម្បីសិក្សាស្វែងយល់ពីនយោបាយឈ្នះឈ្នះនៅកម្ពុជានិងទទួលការអប់រំផ្សព្វផ្សាយពីគ្រោះថ្នាក់នៃគ្រាប់មីននៅសហគមន៍របស់អតីតយុទ្ធជន រួមជាមួយនឹងជីវិតតស៊ូរបស់យោធិនពេលមានសង្គ្រាម និងសន្តិភាព។

* ក្រុមទី២៖ ចុះទស្សនកិច្ចសិក្សានៅវិទ្យាល័យហ៊ុនសែនចុងកាល់ និងកម្មវិធីបំណិនជីវិត ព្រមទាំងទស្សនកិច្ចភូមិអតីតយុទ្ធជនដើម្បីសិក្សាស្វែងយល់ពីភាពធន់សហគមន៍ ដែលស្ថិតនៅចម្ងាយប្រមាណ ៤០គីឡូម៉ែត្រ ពីទីរួមខេត្ត។

*ក្រុមទី៣៖ ចុះទស្សនកិច្ចសិក្សា និងស្វែងយល់ពីសហគមន៍ត្បាញក្រមា/កន្ទេល នៅស្រុកបន្ទាយអំពិល ដែលមានចម្ងាយប្រមាណ ៤០គីឡូម៉ែត្រ ពីទីរួមខេត្ត។

ជាមួយគ្នានេះសមាជិក-សមាជិកានៃជំរំទាំងអស់ នឹងត្រូវចូលរួមដាំដើមឈើចំនួន ១,៥០០ដើម នៅឧទ្យានកាកបាទក្រហមកម្ពុជា ដែលស្ថិតនៅភូមិថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលជាឧទ្យានទី៣របស់កាកបាទក្រហមកម្ពុជា។

សូមបញ្ជាក់ថា កម្មវិធីបោះជំរំនេះនឹងមានអ្នកចូលរួមប្រមាណ ៤០០នាក់ដែលជាមន្ដ្រី អ្នកស្ម័គ្រចិត្ត ក្រុមការងារទីស្នាក់ការកណ្តាល, ថ្នាក់ដឹកនាំ មន្ដ្រីប្រតិបត្តិ និងយុវជនកាកបាទក្រហមកម្ពុជាសាខាខេត្តចំនួន៨ រួមមាន ឧត្តរមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន និងខេត្តពោធិ៍សាត់, យុវជនកាកបាទក្រហមកម្ពុជា ថ្នាក់គ្រឹះស្ថានឧត្តមសិក្សា២៥ ក្នុងរាជធានីភ្នំពេញ និងយុវជនអ្នកស្ម័គ្រចិត្តកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមប្រចាំភូមិភាគអាស៊ី-អាគ្នេយ៍ផងដែរ៕