2024-02-29 01:02
264

កោះកុង៖ សំណុំរឿងតៃកុងអេស្កាវ៉ាទ័របើកកិនម្ចាស់ចំការស្លាប់ ត្រូវបានតំណាងអយ្យការមសនចំណាត់ការដោយចេញដីការបង្គាប់ឱ្យកម្លាំងមានសមត្ថកិច្ចនាំខ្លួនជនសង្ស័យមកអនុវត្តន៍តាមផ្លូវច្បាប់។ 

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តកោះកុង បានឲ្យដឹងថា៖ នៅព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាល ខេត្តកោះកុង បានបញ្ជូនសំណុំរឿងមកអយ្យការអមសាលាដំបូងខេត្តកោះកុង ពាក់ព័ន្ធនឹងករណីគ្រឿងចក្រអេស្កាវ៉ាទ័រកិនមនុស្សស្លាប់ម្នាក់ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុច ភ្នំត្រងោល ស្ថិតក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ដែលមានជនសង្ស័យឈ្មោះ តាំ ឈិន ភេទប្រុស អាយុ ៣១ឆ្នាំ ជាអ្នកបើកបរគ្រឿងចក្រអេស្កាវ៉ាទ័រ ដើម្បីចាត់ការបន្ត។ 

អ្នកនាំពាក្យអយ្យការសាលាដំបូងខេត្តកោះកុង បានបញ្ជាក់ថា ក្រោយពីទទួលសំណុំរឿងភ្លាម តំណាងអយ្យការបានបង្គាប់ឱ្យកម្លាំងមានសមត្ថកិច្ចនាំខ្លួនបុគ្គល ឈ្មោះ តាំ ឈិន ភេទប្រុស អាយុ ៣១ឆ្នាំ មកបង្ហាញខ្លួននៅអយ្យការអមសាលាដំបូងខេត្តកោះកុង ឱ្យបានមុនថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ដើម្បីសាកសួរអំពីដំណើររឿងខាងលើតាមដីកាបញ្ជាឱ្យចូលខ្លួន លេខ ០១ អ.យ/២៤ ចុះថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។ 

ទន្ទឹមនេះ តំណាងអយ្យការក៏ធ្វើការកោះហៅ ម្ចាស់គ្រឿងចក្រអេស្កាវ៉ាទ័រ តំណាងគ្រួសារជនរងគ្រោះសាក្សី និងអ្នកពាក់ព័ន្ធផ្សេងទៀតមកបំភ្លឺ ដើម្បីចាត់ការស្របតាមនីតិវិធីច្បាប់ផងដែរ៕