2024-10-21 10:10
106

(ភ្នំពេញ)៖ នៅមុនពិធីបើកមហាសន្និបាតអាយប៉ាលើកទី៤៥ ជាផ្លូវការ កាលពីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា រួមជាមួយថ្នាក់ដឹកនាំគណៈប្រតិភូសភាសមាជិកអាយប៉ា គណៈប្រតិភូសភាសង្កេតការណ៍ ដៃគូរបស់អាយប៉ា បានចូលជួបសម្តែងការគួរសម ជាមួយលោក សាយសំផន ភុមវិហាន (Xaysomphone Phomvihane) ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជាប្រធានអាយប៉ាលើកទី៤៥។

ក្នុងឱកាសនោះដែរ លោកប្រធានរដ្ឋសភាឡាវ បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងអរគុណយ៉ាងជ្រាលជ្រៅដល់គណៈប្រតិភូចូលរួមទាំងអស់ ដែលបានអញ្ជើញចូលរួម ដែលនេះឆ្លុះបញ្ចាំងពីសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំនៃគ្រួសារអាយប៉ា និង អាស៊ាន ក្នុងការចូលរួមចំណែកកសាងសុខសន្តិភាព ស្ថិរភាព និងវិបុលភាពជូនប្រជាពលរដ្ឋ។

សម្តេចរដ្ឋសភាធិបតី បានសម្តែងការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះទទួលបដិសណ្ឋារកិច្ច និការរៀបចំមហាសន្និបាតអាយប៉ាលើកទី៤៥ ប្រកបដោយអត្ថន័យ និងបានជូនពរដល់រដ្ឋសភាឡាវទទួលបានជោគជ័យ និងសម្រេចបានលទ្ធផលផ្លែផ្ការតាមការរំពឹងទុក។

ថ្មីម្ដងទៀត សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដែលរដ្ឋសភាប្រទេសឡាវ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅនិងរាក់ទាក់ជាទីបំផុតចំពោះគណៈប្រតិភូសភាកម្ពុជា ចាប់តាំងពីពេលបានមកដល់រដ្ឋធានីវៀងចន្ទន៍ ដ៏ស្រស់ស្អាត ពោរពេញដោយសម្បត្តិវប្បធម៌ និងប្រវត្តិសាស្រ្តគួរជាទីជាប់ចិត្ត៕