2023-05-15 10:31
645

ភ្នំពេញ៖ រថយន្តធុនធំសណ្តោងរ៉ឺម៉ក មានបិទស្លាកសញ្ញា "រូបឥន្ទ្រី GM" បានម៉ូតូមួយគ្រឿង បណ្តាលឲ្យស្ត្រីជាកម្មការិនីម្នាក់ស្លាប់ភ្លាមៗ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោងប្រមាណ ១៨និង២០នាទី ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ តាមបណ្ដោយផ្លូវវេងស្រេង កែងនឹងស្តុបផ្លូវទ្រុងមាន់ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ 

រថយន្តបង្កគ្រោះថ្នាក់ ម៉ាក ហាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-3148 បិទស្លាកសញ្ញា "រូបឥន្ទ្រី និងអក្សរ GM" អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានព្យាយាមរត់គេចខ្លួន ប៉ុន្តែត្រូវបានប្រជាពលរដ្ឋ ដេញចាប់ប្រគល់ឲ្យសមត្ថកិច្ច។ 

ស្ត្រីរងគ្រោះមានឈ្មោះ អ៊ុក ចន្នី អាយុប្រហែលជាង២០ឆ្នាំ ជាកម្មការិនី ផ្នែកដេរ នៅរោងចក្រ ដាគ្វាន ថេកស្ថាយ ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បើកបរម៉ូតូ មាក ហុងដា គុបជ្រុង។ 

មុនពេលកើតហេតុ ស្ត្រីជាកម្នការិនីរងគ្រោះបានជិះម៉ូតូចេញពីធ្វើការតាមបណ្តោយផ្លូវវ៉េងស្រេងពីលិចទៅកើត និងបានបត់ឆ្លងស្តុបកែងផ្លូវទ្រុងមាន់ ត្រូវរថយន្តសណ្តោងរ៉ឺម៉កបើកមកទិសខាងកើតបត់ស្តុបដូចគ្នាបុក និងកិនស្លាប់ភ្លាមៗតែម្តង។ 

សូមជម្រាបថា ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានកោះអញ្ជើញអាជ្ញាធរខណ្ឌទាំង១២ សមត្ថកិច្ចពាក់ព័ន្ធ និងម្ចាស់ក្រុមហ៊ុនក្រឡុកស៊ីម៉ង់ នៅក្នុងរាជធានីភ្នំពេញទាំងអស់ មកប្រជុំដើម្បីណែនាំពីការងារមួយចំនួន ពាក់ព័ន្ធនឹងការហាមរថយន្តធំៗចេញ-ចូលក្រុង ខណៈដែលរាជធានីភ្នំពេញកំពុងប្រឈម នឹងការកកស្ទះចរាចររាល់ថ្ងៃ។ 

ចំពោះរថយន្តធុនធំដឹកទំនិញគ្រប់ប្រភេទមិនមានការអនុញ្ញាតឲ្យចេញ-ចូលរាជធានីភ្នំពេញ នៅពេលថ្ងៃជាដាច់ខាត គឺចាប់ពីម៉ោង ៦ព្រឹករហូតដល់ម៉ោង ៩យប់។ ដូច្នេះទេអាជ្ញាធរនឹងមានសមត្ថកិច្ចតាមគោលដៅទាំងអស់ ត្រូវពិនិត្យចំពោះការចេញចូលរថយន្តធំយ៉ាងនេះ តែបើមានបញ្ហារថយន្តធំធ្លាយចូលក្រុងតាមគោលដៅណានោះ គោលដៅនោះ គឺជាអ្នកទទួលខុសត្រូវ ចំពោះរដ្ឋរដ្ឋបាលរាជធានី។ 

សូមបញ្ជាក់ផងដែរ ក្រុមរថយន្តយន្តដឹកទំនិញធន់ធំភាគច្រើន មានបិទស្លាកសញ្ញា "រូបឥន្ទ្រី និងអក្ស GM" ជាសម្គាល់ហើយពួកគេមានសិទ្ធចេញ-ចូលរាជធានីភ្នំពេញដោយសុវត្ថិភាព មន្ត្រីចរាចរណ៍ដែលឈរតាមគោលដៅមិនហ៊ានប៉ះពាល់ឡើយ ព្រោះម្ចាស់ស្លាកសញ្ញា GM នេះមានឥទ្ធិពលខ្លាំង និងមានភាគហ៊ុនមន្ត្រីខ្លះៗ.....ផងដែរ។ 

បើតាមការខ្សឹបប្រាប់ពីមន្ត្រីតូចតាច និយាយថា មិនថាតែរថយន្តដឹកទំនិញធន់ធំមានស្លាកសញ្ញាសម្គាល់ "រូបឥន្ទ្រី និងអក្ស GM" នេះមួយទេដែលមានសិទ្ធចេញ-ចូលក្រុងនៅមានស្លាកសញ្ញាផ្សេងៗទៀត ក៏សមត្ថកិច្ចថ្នាក់ក្រោមមិនហ៊ានប៉ះពាល់ដែរ ព្រោះមានមេៗថ្នាក់ខាងលើកាង។ ប្រពបង្ហើបទៀតថា ក្នុងស្លាកសញ្ញាមួយសម្លឹកដែលបិទលើកញ្ចក់រថយន្តតម្លៃប្រមាណ ៥០ដុល្លារក្នុងមួយខែ និងមានលេខសម្គាល់ត្រឹមត្រូវរបស់ក្រុមអ្នកមានឥទ្ធិពលទាំងនេះ។ 

មហាជនរងចាំមើលថាតើសមត្ថកិច្ចជំនាញ ជាពិសេសលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលធ្លាប់ដាក់បទបញ្ជាហាមឃាត់រថយន្តធំចូលក្រុងនៅពេលថ្ងៃចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង៩យប់ នឹងមានវិធានការច្បាប់បែបណាដែរ ចំពោះថៅកែរថយន្ត និងម្ចាស់ស្លាកសញ្ញា "រូបឥន្ទ្រី និងអក្ស GM" នេះ៕