ភ្នំពេញ៖ ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងការប្រឡងប្រជែងជ្រើសរើសមន្ត្រី នៃអគ្គនាយកដ្ឋានរតនាគារជាតិ ក្នុងរយៈពេល១ថ្ងៃពេញ នៅមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលមានបេក្ខជនចូលរួមប្រមាណ ៥,៧៤៦អង្គ/នាក់ (ស្រី ២,៤៧៥នាក់) ត្រូវបានបញ្ចប់ទៅដោយរលូន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ នៅល្ងាចថ្ងៃទី២៣ ខែវិច្ឆិការ ឆ្នាំ២០២៤ នេះ។
ក្រោយចប់ការប្រឡងសន្លឹកកិច្ចការរបស់បេក្ខជន ត្រូវបានរៀបចំខ្ចប់ដោយសម្ងាត់ ហើយដាក់តម្កល់ក្នុងបន្ទប់មានសុវត្ថិភាពបំផុត ក្រោមការឃ្លាំមើលពីអង្គភាពប្រឆាំងអំពើពុករលួយ និងក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃការប្រឡងប្រជែង ព្រមទាំងមានការចូលរួមពីអ្នកសង្កេតការណ៍តំណាងសាកលវិទ្យាល័យ និងសាធារណជនដាក់ពាក្យស្ម័គ្រចិត្តផងដែរ។
សម្រាប់ថ្ងៃស្អែក ទី២៤ ខែវិច្ឆិកានេះ ក្រសួងមុខងារសាធារណៈ នឹងបន្តរៀបចំការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ និងសិស្សមន្ត្រីក្រមការ ឱ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាលប្រមាណជាង១ម៉ឺននាក់ ដែលនឹងត្រូវប្រើប្រាស់រយៈពេលមួយថ្ងៃពេញ នៅមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទភ្នំពេញដដែល។
សូមជម្រាបថា ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ សម្រាប់ក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ សម្រាប់ក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចាប់ផ្តើមដំណាលគ្នា នៅថ្ងៃទី២៣ វិច្ឆិកានេះ ដោយមានការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកវិញ្ញាសាជានិមិត្តរូបដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា រួមទាំងអ្នកសង្កេតការណ៍មហាជន និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)។
មានប្រសាសន៍ជូនបេក្ខជនក្នុងបន្ទប់ប្រឡង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា៖ «វិញ្ញាសាសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ត្រូវបានជ្រើសរើសចំនួន ១០ សំណួរ ចេញពីជម្រើសវិញ្ញាសាចំនួន ២០ សំណួរ។ ដោយឡែកវិញ្ញាសាសម្រាប់ការប្រឡងជ្រើសរើសមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ត្រូវបានជ្រើសរើសចេញពីជម្រើសវិញ្ញាសាចំនួន ០៣ ផ្សេងគ្នា មកជាវិញ្ញាសាតែមួយ»។
ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបញ្ជាក់ថា «គ្រប់សន្លឹកវិញ្ញាសាទាំងអស់ ត្រូវមានហត្ថលេខារបស់ឯកឧត្តមដោយផ្ទាល់»។
សូមជម្រាបជូនថា បេក្ខជនដែលចូលរួមប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំចំនួន ៥,៦៣៧ នាក់ មកពីបណ្តារាជធានី-ខេត្ត ទូទាំងប្រទេស ដោយត្រូវឆ្លងកាត់ការប្រឡងលើវិញ្ញាសា ចំនួន ០៣ ប្រភេទ៖ ទី១- វិញ្ញាសាសរសេរជំនាញកសិកម្ម។ ទី២- វិញ្ញាសាសរសេរភាសាអង់គ្លេស និងទី៣- វិញ្ញសាពហុចម្លើយ។
ដោយឡែកសម្រាប់បេក្ខជនដែលចូលរួមការប្រឡងប្រជែងជ្រើសរើសមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិចំនួន ១០៩ នាក់ ត្រូវឆ្លងកាត់ការប្រឡងប្រជែងលើវិញ្ញាសាចំនួន ០៣ ប្រភេទដែរ៖ ទី១- វិញ្ញាសាសរសេរជំនាញព័ត៌មានវិទ្យា, គ្រប់គ្រងធនធានមនុស្ស, គណនេយ្យនិងហិរញ្ញវត្ថ។
ទី២- វិញ្ញាសាសរសេរភាសាអង់គ្លេស និងទី៣- វិញ្ញាសាពហុចម្លើយ។ សូមបញ្ជាក់ថាការប្រឡងប្រជែងបានចាប់ផ្តើមដំណាលគ្នា នាវេលាម៉ោង ១២ថ្ងៃត្រង់ នៅមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ៕