ភ្នំពេញ៖ ផ្ទុះរឿងរ៉ាវអាស្រូវរបស់លោក ឡេងវណ្ណា អនុបណ្ឌិតផ្នែកច្បាប់ ជាអគ្គនាយកក្រុមហ៊ុនលក់ទំនិញលើបណ្តាញអនឡាញ App ក្រុមហ៊ុន រិច មី (Riich me) និងក្រុមហ៊ុន Go digital & Epos បានធ្វេីយុទ្ធសាស្ត្រទីផ្សារអនឡាញ (Marketing online) រកស៊ីបោកប្រាស់អតិថិជនប្រមូលលុយសរុបប្រមាណជិត ២លានដុល្លារ ត្រូវបានជនរងគ្រោះបកអាក្រាតលើបណ្តាញផ្សព្វផ្សាយសង្គមយ៉ាងកក្រើក។
ជាក់ស្តែងនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ ម្សិលមិញនេះ លោក ឡេង វណ្ណា អគ្គនាយកក្រុមហ៊ុន Riich me ធ្វើទីផ្សារអនឡាញ (Marketing online) ត្រូវរងការចោទប្រកាន់ករណីឆបោកប្រាក់អតិថិជន ជាម្ចាស់ដេប៉ូលក់គ្រឿងភេសជ្ជៈប្រមាណជាង ៣០នាក់ បានធ្វើការបញ្ជាទិញភេសជ្ជៈតាមរយៈ App ក្រុមហ៊ុន Riich me ក្នុងទូរសព្ទដៃម្នាក់ៗខាតបង់អស់ប្រាក់រាប់ម៉ឺន និងសែនដុល្លារ ដោយម្ចាស់ក្រុមហ៊ុន App Riich me មិនទទួលខុសត្រូវ និងគេចវេសមិនព្រមដោះស្រាយជាមួយអតិថិជន។
ស្ត្រីឈ្មោះ ស៉ិន សុធាវណ្ណ បច្ចុប្បន្ន រស់នៅភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ជាតំណាងអតិថិជនរងគ្រោះ បានរៀបរាប់ប្រាប់កាសែតថា «បុគ្គលឈ្មោះ ឡេង វណ្ណា អគ្គនាយកក្រុមហ៊ុនរិច មី (Riich me) បសនឆបោកប្រាក់របស់គាត់រួមនិងប្រជាពលរដ្ឋផ្សេងទៀត ប្រមាណជាង ៣០នាក់ បានឆាញ់បោកអស់ប្រាក់សរុបជាង ១លានដុល្លារ និងបានដាក់ពាក្យបណ្តឹងទៅតុលាការ ដេីម្បីឱ្យរកយុត្តិធម៌ជូនពួកគាត់ផងដែរ។
ក្រុមជនរងគ្រោះ បានឱ្យដឹងថា ពួកគាត់បានប្តឹងចូលទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ប្តឹងលោក ឡេង វណ្ណា អគ្គនាយកក្រុមហ៊ុន រិច មី (Riich me) មានអាសយដ្ឋាន នៅបុរីភ្នំពេញថ្មី ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពីបទ: រំលោភលើទំនុកចិត្ត។
ស្តាប់តាមការរៀបរាប់ បានឲ្យដឹងថា ពួកគាត់ភាគច្រើនជាម្ចាស់ដេប៉ូលក់ និងចែកចាយភេទសជ្ជៈគ្រប់មុខ ហើយក្នុងខែធ្នូ ឆ្នាំ២០២២ បានបញ្ជាទិញទំនិញ (ភេសជ្ជៈ) តាមប្រព័ន្ធអនឡាញ App Riich me របស់ក្រុមហ៊ុន រិច មី ព្រោះក្រុមហ៊ុនមានបោះដុំភេសជ្ជៈគ្រប់ប្រភេទ ដោយអតិថិជនអាចធ្វើការបញ្ជាទិញតាមរយៈទូរសព្ទដៃ នៅក្នុងកម្មវិធីនេះ មានទំនិញ និងភេសជ្ជៈជាច្រើនមុខដាក់បង្ហាញលក់ ដើម្បីឲ្យអតិថិជនធ្វើការបញ្ជាទិញតាមតម្រូវការក្នុងតម្លៃទៀបជាងទីផ្សាររហូត ៣០%។ ចំពោះការបញ្ជាទិញត្រូវបានបង់ប្រាក់មុនតាមរយៈធនាគារ ABA ឲ្យក្រុមហ៊ុនទើបចេញវិក័យបត្រ រងចាំមួយសប្តាហ៍នឹងទទួលបានទំនិញ ហើយពួកគាត់ខ្លះធ្លាប់បញ្ជាទិញមិនមានបញ្ហាអី ស្រាប់នាំបញ្ជាទិញទៀត ដោយម្នាក់ៗបញ្ជាទិញច្រើន ដោយអស់ប្រាក់រាប់ម៉ឺន រាប់សែនដុល្លារ ក្រុមហ៊ុនមិនមានទំនិញប្រគល់ជូនទៅកាន់អតិថិជន និងមិនព្រមសងប្រាក់ត្រលប់មកឲ្យអតិថិជនវិញឡើយ។
ក្រុមប្រជាពលរដ្ឋរងគ្រោះ បានលើកឡើងថា «លោក ឡេង វណ្ណា នាយកក្រុមហ៊ុន រិច មី (Riich me) និងក្រុមហ៊ុន (Go digital & Epos ) បានឲ្យពួកគាត់រក្សាភាពស្ងៀមស្ងាត់ បើប្រជាពលរដ្ឋណាហ៊ានប្ដឹងគាត់នឹងជួយចេញលុយថ្លៃសេវាមេធាវីឱ្យទៀត។ កុំថាឡើយឯកឧត្តម ជា សុផារ៉ា មិនអាចធ្វើអ្វីលោកបានទេ លើកលេងតែសម្តេចតេជោ ហ៊ុន សែន និងសម្តេមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី ទើបធ្វើគាត់បែក»។
ប្រជាពលរដ្ឋដែលរងគ្រោះដោយសារលោកបណ្ឌិត ឡេង វណ្ណា គ្រូជោគជ័យ និងអគ្គនាយកក្រុមហ៊ុន Riich me ជាច្រើននាក់ ស្នើសុំឱ្យសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាជួយអន្តរាគមន៍រឿងពួកគាត់ ដើម្បីទទួលបានភាពយុត្តិធម៌ ដោយក្តីអនុគ្រោះ។
នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ នេះ អង្គភាពយើងមិនអាចសុំការបកស្រាយជុំវិញករណីចោទប្រកាន់ខាងលើនេះបានទេ យើងខ្ញុំរងចាំការបំភ្លឺគ្រប់ពេលវេលាផងដែរ៕