2024-11-01 04:11
52

ភ្នំពេញ៖   នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការបញ្ជាក់ចំពោះករណីយុវជនកូរ៉េខាងត្បូង មានឈ្មោះ CHOI TAEWON ដែលក្រុមគ្រួសារ អះអាងថា “ត្រូវគេបង្ខាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយកន្លែង ក្នុងខេត្តកណ្តាល” នោះ គឺសំណើសុំអន្តរាគមន៍ពីសំណាក់គ្រួសារដោយពុំត្រឹមត្រូវ និងប្រើប្រាស់ព័ត៌មានប្រឌិតបង្កឱ្យមានការភ័ន្តច្រឡំពីមតិសាធារណជនជាតិ និងអន្តរជាតិ។

ក្រុមប្រតិបត្តិការស៊ើបអង្កេត ស្រាវជ្រាវបណ្តាញនាំមនុស្សឆ្លងដែនខុសច្បាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា៖ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ មជ្ឈមណ្ឌល ប្រចាំបញ្ជាអគ្គស្នងការដ្ឋាននគរបាលជាតិ ១១៧ បានទទួលសំណើសុំអន្តរាគមន៍ ពីក្រុមគ្រួសារយុវជនកូរ៉េខាងត្បូង ០១រូប មានឈ្មោះ CHOI TAEWON កាន់លិខិតឆ្លងដែនលេខ M47223117 ដោយបានអះអាងថា “ត្រូវបានបង្ខាំងនៅទីតាំងមួយកន្លែង ក្នុងភូមិសាស្ត្រខេត្តកណ្តាល”។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចុះស្វែងរកបុគ្គលខាងលើតាមព័ត៌មាន ដែលផ្តល់ដោយក្រុមគ្រួសារ និងបានរកឃើញកំពុងស្នាក់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយកន្លែង ស្ថិតក្នុងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល ដោយពុំមានសញ្ញាណរងគ្រោះដោយអំពើបង្ខាំង ឬរងនូវទារុណកម្មណាមួយនោះឡើយ។

តាមការបំភ្លឺ ពីឈ្មោះ CHOI TAEWON គាត់មានគោលបំណងមកកម្ពុជា ដើម្បីស្វែងរកការងារធ្វើ ដែលទទួលបានប្រាក់ខែខ្ពស់ ហើយក៏ទទួលបានការងារនៅទីតាំងខាងលើ រួមជាមួយកន្លែងស្នាក់នៅសមរម្យ អាហារគ្រប់គ្រាន់ និងមានសេរីភាពដើរហើរពេញលេញជាធម្មតា។ ចំពោះមូលហេតុដែលនាំឱ្យគ្រួសារស្នើសុំអន្តរាគមន៍មក មជ្ឈមណ្ឌលប្រចាំបញ្ជារបស់អគ្គស្នងការដ្ឋាននគរបាលជាតិ គឺមកពីរូបគេមិនបានទំនាក់ទំនងជាមួយគ្រួសារ ក្នុងអំឡុងពេលស្នាក់នៅ និងធ្វើការ។ ម្យ៉ាងករណីស្នើសុំអន្តរាគមន៍ពីសំណាក់គ្រួសារនេះ រូបគេក៏មិនបានដឹងផងដែរ។

អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា៖ «ផ្អែកតាមការពិនិត្យស្រាវជ្រាវ និងព័ត៌មានដែលទទួលបាន ករណីនេះ ពុំមានសញ្ញាណនៃការបង្ខាំង មនុស្សដោយខុសច្បាប់ ឬធ្វើទារុណកម្ម ដូចអ្វីដែលម្តាយរបស់សាមីខ្លួនបានផ្តល់ព័ត៌មានដល់សមត្ថកិច្ច ដើម្បីស្នើសុំជួយអន្តរាគមន៍នោះទេ ផ្ទុយទៅវិញសាមីខ្លួនក៏នៅមានការលាក់បាំងមិនសហការជាមួយសមត្ថកិច្ចក្នុងការផ្តល់ព័ត៌មានលម្អិតអំពីដំណើរមកដល់កម្ពុជា ការស្វែងរកការងារធ្វើ និងមូលហេតុនៃការផ្តល់ព័ត៌មានអំពីទីកន្លែងដែលខ្លួនធ្វើការទៅក្រុមគ្រួសារ រហូតឈានដល់បង្កើតឱ្យមានសំណើសុំអន្តរាគមន៍ពីសំណាក់គ្រួសារដោយពុំត្រឹមត្រូវ និងប្រើប្រាស់ព័ត៌មានប្រឌិតបង្កឱ្យមានការភ័ន្តច្រឡំពីមតិសាធារណជនជាតិ និងអន្តរជាតិ»។

អគ្គស្នងការបានបញ្ជាក់ថា៖ «ករណី ជនជាតិកូរ៉ខាងត្បូង មានឈ្មោះ CHOI TAEWON នឹងត្រូវបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីរៀបចំបែបបទ បណ្តេញពីព្រះរាជាណាចក្រកម្ពុជា និងហាមមិនឱ្យចូលមកទឹកដីកម្ពុជាសាជាថ្មីម្តងទៀតទេ»៕