2024-06-25 16:23
270

ព្រះសីហនុ៖ នៅថ្ងៃ២៥ ខែមិថុនា ឆ្នាំ២០២៤ តំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ចូលរួមពីសមត្ថកិច្ចចំរុះ បានធ្វើការបង្ហាញនូវវត្ថុតាងគ្រឿងញៀន ជិត ២តោន ដែលសមត្ថកិច្ចចម្រុះបង្ក្រាប និងរឹបអូសបានជាបន្តបន្ទាប់នៅក្នុងខេត្តព្រះសីហនុ ត្រូវបានបង្ហាញមុននឹងយកទៅដុតកម្ទេចចោល។ 

ការបង្ហាញ និងត្រួតពិនិត្យគ្រឿងញៀនជាវត្ថតាងទាំងនោះ ត្រូវបានធ្វើតាមនិតិវិធី ស្ថិតនៅសាលាដំបូងខេត្តព្រះសីហនុ ក្រោមវត្តមាន លោក សៀង សុខ ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ និងលោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនក្រសួងមហាផ្ទៃ ព្រមទាំងតំណាងកងកម្លាំងមានសមត្ថកិច្ច នគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត មន្ត្រីតំណាងអាជ្ញាធររដ្ឋបាលខេត្ត និងមន្ត្រីបច្ចេកទេសពាក់ពន្ធ័ផ្សេងែទៀត។

ក្នុងពេលបង្ហាញគ្រឿងញៀនមុនពិធីដុតកម្ទេចចោលនោះ លោក សៀង សុខ ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដោយបញ្ជាក់ថា៖ «វត្ថុតាងគ្រឿងញៀនទាំងអស់នេះ ដែលសមត្ថកិច្ចបង្ក្រាប និងរឹបអូសបានជាបន្តបន្ទាប់ក្នុងប្រតិបតក្តិការបង្ក្រាបករណី រក្សាទុក ដឹកជញ្ជូន និងចែកចាយក្នុងភូមិសាស្ត្រខេត្តព្រះសីហនុទាំងមូល។ សម្រាបការបង្ហាញនេះ គឺធ្វើឡើងដើម្បីឱ្យមន្ត្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋបានឃើញជាក់ស្តែងថា ពិតជាគ្រឿងញៀនដែលជាវត្ថុតាងដែលបង្ក្រាបកន្លងមក មុននឹងយកទៅដុតកម្ទេចចោលជាសាធារណៈមុខមហាជនឆាប់ៗនេះ»៕