2024-11-16 10:11
10

ភ្នំពេញ៖ សំរាម និងសំណល់ផ្សេងៗ ក្នុងនោះមានសំណល់ប្លាស្ទិកផងដែរ ចំនួនប្រមាណ ៣៨០០ តោន ត្រូវបានប្រមូលទុកដាក់ទៅលានចាក់សំរាម នៅថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤នេះ។ 

លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី១៥ ខែ វិច្ឆិកា ឆ្នាំ២០២៤ នេះ បានបង្ហាញថា៖ «សំរាមដែលប្រមូលបាននៅថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក មានចំនួនប្រហាក់ប្រហែល នឹងទិន្នន័យនៃការប្រមូលសំរាមប្រចាំថ្ងៃ នៅទូទាំងរាជធានីភ្នំពេញ ខណៈប្រជាពលរដ្ឋ ដែលកម្សាន្តនៅថ្ងៃទី១ នៃព្រះរាជពិធីបុណ្យប្រពៃណីដ៏ធំនេះ  ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ប្រកាសថា មានចំនួនកើនឡើងជាង ១,១ លាននាក់ បន្ថែមលើប្រជាពលរដ្ឋដែលកំពុងរស់នៅនាពេលបច្ចុប្បន្នប្រមាណជាង ២លាននាក់»។ 

«ក្នុងការប្រមូលទុកដាក់សំរាម និងការកាត់បន្ថយចំនួនសំរាម នៅក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ ចំនួនរថយន្តដឹកជញ្ជូនសំរាមប្រមាណ ២០០ គ្រឿង បានដឹកជញ្ជូនសំរាមជាង ៥៣០ ជើងរួមជាមួយអ្នកប្រមូលសំរាម មានប្រមាណជាង ១ ០០០ នាក់ផងដែរ»។ លោក ខ្វៃ អាទិត្យា បានបន្ថែម។

លោក ខ្វៃ អាទិត្យា បានបញ្ជាក់ថា៖ «ការបញ្ជេញសំណល់សំរាម និងសំណល់ផ្លាស្ទិក នៅក្នុងព្រះរាជធីបុណ្យអុំទូកឆ្នាំ២០២៤ ត្រូវបានប្រមូលទុកដាក់ នៅពេលពិធីត្រូវបានបញ្ចប់នៅអធ្រាត្រ ថ្ងៃប្រារព្ធពិធីប្រណាំងទូក រហូតដល់ព្រឹកព្រលឹម នៅអំឡុងថ្ងៃបន្ទាប់។ ការប្រមូលទុកដាក់សំរាម មានការចូលរួមយ៉ាងផុសផុលពីអាជ្ញាធរ អ្នកទេសចរណ៍ យុវជន អ្នកស្រឡាញ់បរិស្ថាន មកពីបណ្តាស្ថាប័ន អង្គការ សមាគមនានា រួមទាំងវិស័យឯកជនផងដែរ»។ អ្នកនាំពាក្យរូបនេះ បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណ ចំពោះអ្នកចូលរួមកម្សាន្តនៅក្នុងព្រះរាជពិធីបុណ្យអុំទូក ដែលបានបញ្ចេញនិងប្រមូលទុកដាក់សំរាម សំណល់ប្លាស្ទិកនិងការចូលរួមកាត់បន្ថយពីការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកទៅក្នុងទីសាធារណៈ។ 

លោក ខ្វៃ អាទិត្យា នៅតែអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសកីឡាករ កីឡាការិនី ចំណុះទូកទាំងអស់ បន្តចូលរួមរក្សាអនាម័យ នៅកន្លែងសម្រាក និងស្នាក់នៅ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ក្នុងនោះកុំបោះចោលសំរាម សំណល់ប្លាស្ទិក ចូលនៅក្នុងទន្លេ ដើម្បីចូលរួមថែរក្សាបរិស្ថាន និងធ្វើឱ្យកម្ពុជាស្អាត មានភាពបៃតង ទៅថ្ងៃអនាគត។ 

អ្នកនាំពាក្យក្រសួងបរិស្ថានមានប្រសាសន៍ថា៖ «ការទុកដាក់សំរាម ក៏ជាផ្នែកមួយនៃការស្តែងឡើងនូវអាកប្បកិរិយា ឥរិយាបទ និងការយល់ដឹងរបស់ប្រជាពលរដ្ឋក្នុងសង្គម ប្រសិនបើគ្មានការកាត់បន្ថយ និងបម្រួលទុកដាក់ឱ្យបានត្រឹមត្រូវ សំរាម សំណល់ប្លាស្ទិក ទាំងអស់នេះបង្កផលប៉ះពាល់ ជាអវិជ្ជមានច្រើន ទាំងផ្នែកបរិស្ថាន សោភណ្ឌភាព សុខភាពនិងជីវិតរបស់មនុស្ស សត្វ និងរុក្ខជាតិ»។

សូមបញ្ជាក់ថា នាឱកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកានេះ រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមហ៊ុនប្រមូលសំរាម បានបន្ថែមធុងសំរាមថ្មីចំនួនជាង១ពាន់ធុង លើធុងសំរាមដែលមានស្រាប់ប្រមាណ ៣ពាន់ធុង សម្រាប់ដាក់ពង្រាយនៅតាមគោលដៅសំខាន់នានា។

ជារៀងរាល់ថ្ងៃរាជធានីភ្នំពេញ បានបញ្ចេញសំរាមប្រមាណចន្លោះពី ៣០០០ តោន ទៅ ៤០០០ តោន ក្នុង១ថ្ងៃ ហើយក្នុងនោះសំណល់ប្លាស្ទិកមានជាង ២០%។  

ទោះបីជាយ៉ាងណាក៏ដោយសំរាម ២០% តែប៉ុណ្ណោះដែលត្រូវបានកែច្នៃប្រើប្រាស់ឡើងវិញនាពេលបច្ចុប្បន្ន៕