2023-06-15 05:06
578


(ស្វាយរៀង)៖ លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង បានស្នើស្ថាប័នដែលពាក់ព័ន្ធទាំងអស់ សូមចូលរួមសហការជាមួយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ក្នុងការកំណត់មុខជំនាញសិក្សា ការអភិវឌ្ឍកម្មវិធីសិក្សា ដើម្បីឱ្យស្របតាម ស្ថានភាពទីផ្សារការងារបច្ចុប្បន្ន និងចូលរួមសហការក្នុងផ្តល់ទីកន្លែងសម្រាប់ឱ្យសិក្ខាកាម សិស្ស-និស្សិត ក្នុងការចុះកម្មសិក្សា ក៏ដូចជាទទួលសិក្ខាកាម សិស្ស-និស្សិត ឱ្យចូលបម្រើការងារនៅពេលបញ្ចប់ការសិក្សា។


ការថ្លែងលើកឡើងបែបនេះរបស់លោក ម៉ែន អេង បានធ្វើឡើងខណៈដែលលោកតំណាងលោក ម៉ែន វិបុល អភិបាលខេត្ត អញ្ជើញចូលរួមក្នុងពិធីទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ TVET DAY ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ និងការងារសមរម្យ» ធ្វើនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងនាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។
ពិធីនេះមានការចូលរួមពីលោកមុត ចិន្តានាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង និងលោកអនុប្រធានមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត មន្ទីរជុំវិញខេត្ត អាជ្ញាធរដែនដី លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត ជាច្រើនអ្នកផងដែរ។
លោកបានបន្តថា ក្នុងនាមឱ្យថ្នាក់ដឹកនាំខេត្តដែលមានលោក ម៉ែន វិបុល និងក្នុងនាមលោកផ្ទាល់សូមសំដែងនូវការអបអរសាទរ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជកា បុគ្គលិក លោកគ្រូ អ្នកគ្រូ នៃមន្ទីរការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈខេត្ត និងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ដែលបានរៀបចំទិវាជាតិដ៏មានសារៈសំខាន់នេះឡើងដើម្បីបង្កើនការយល់ដឹងឱ្យ កាន់តែច្បាស់អំពីសារៈសំខាន់វិស័យអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ បង្កើនការចុះឈ្មោះចូលរៀនក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ការបង្កើនកិច្ចសហប្រតិបត្តិការ រវាងរដ្ឋ និងវិស័យឯកជន ជាពិសេស គឺការលើកកម្ពស់ផលិតភាពការងារ និងការប្រកួតប្រជែងខ្ពស់ ក្នុងបរិបទសាកលភាវូបនីយកម្ម។
ជាមួយគ្នានេះលោក ម៉ែន អេង ក៏បានរំលេចថា បើគ្មានថ្ងៃ ៧ មករា ១៩៧៩ទេ កុំថាឡើយមានTVET គឺវិស័យផ្សេងៗទៀត ក៏គ្មានការរីកចម្រើនដូចសព្វថ្ងៃនេះដែរ។ ទាំងនេះគឺជាការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិ រួចចាកផុតពីសង្គ្រាមរ៉ាំរ៉ៃប្រែក្លាយជាប្រទេសដែលមានសុខសន្តិភាព ការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ហើយវិស័យការងារនេះគឺជាវិស័យអទិភាពបំផុត របស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។


លោកបានបញ្ជាក់ថា វិស័យវិនិយោគឯកជន តាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការទាក់ទាញ និងលើក ទឹកចិត្តចំពោះវិនិយោគិន ជាក់ស្តែងខេត្តស្វាយរៀង មានតំបន់សេដ្ឋកិច្ចពិសេសកំពុងដំណើរការ៩កន្លែង និងរោងចក្រ សហគ្រាស គ្រឹះស្ថានឯកជនចំនួន ១៩០កន្លែង បានបង្កើតការងារធ្វើជូនប្រជាពលរដ្ឋ បានប្រមាណ ៨០,០០០នាក់ ដែលបានរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ និងការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋ។ ចំពោះវិស័យសេដ្ឋកិច្ចសង្គមកិច្ចផ្សេងៗទៀត ក៏កំពុងមានការអភិវឌ្ឍ រីកចម្រើនជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់ផងដែរ។
លោកបានបន្ថែមថា បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់ជាចម្បងលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រោះវិស័យនេះមានភារកិច្ចសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋតាមរយៈការការពារ ពលកម្ម និងផ្តល់ឱកាសការងារដល់អ្នកដែលកំពុងស្វែងរកការងារធ្វើដោយផ្តល់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដើម្បីបង្កើនធនធានមនុស្សក្នុងគោលបំណងលើកកម្ពស់ស្តង់ដារ ការរស់នៅតាមរយៈការបង្កើនប្រាក់ចំណូលក្នុងគ្រួសារ។

ក្នុងឱកាសនោះលោក ម៉ែន អេង ក៏បានអំពាវនាវដល់សិស្ស និស្សិតដែលមានអាយុគ្រប់បោះឆ្នោតសូមអញ្ជើញទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី ៧ឲ្យបានគ្រប់ៗគ្នានៅថ្ងៃទី ២៣ ខែកក្កដាឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីជ្រើសរើសថ្នាក់ដឹកនាំដែលខ្លួនស្រឡាញ់ពេញចិត្ត នាំមកសុខសន្តិភាពនិងការអភិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់ទៀត។

លោក មុត ចិន្តា នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន បានឲ្យដឹងថា វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង បានដំឡើងកម្រិត និងប្រែក្លាយពីមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៤។

មានការិយាល័យចំនួន ៥ និងដេប៉ាតឺម៉ង់ចំនួន ៦។ ចំពោះសិស្ស និស្សិត កំពុងសិក្សា ឆ្នាំសិក្សា២០២២-២០២៣៖ (តាមកម្រិត និងជំនាញ) សរុបចំនួន ១១២៩នាក់ ស្រីចំនួន ៣១៥នាក់ កម្រិតបរិញ្ញាបត្រ សរុបចំនួន ១៩៦នាក់ ស្រីចំនួន ៣៦នាក់។ កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស បរិញ្ញាបត្ររង ៦៣៩នាក់ ស្រីចំនួន ១៧៥នាក់។ កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១-៣ ចំនួន ២៤០នាក់ ស្រីចំនួន ១០៤នាក់៕