ភ្នំពេញ៖ ប្រមុខថ្នាក់ដឹករដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជាដ៏ម៉ឺងម៉ាត់បំផុតដល់អភិបាលរាជធានី ខេត្ត និងសមត្ថកិច្ចដែលមានការពាក់ព័ន្ធត្រូវអនុវត្តទាំងការងាររដ្ឋបាល និងការអនុវត្តន៍ចំពោះសកម្មភាពក្រុមក្មេងទំនើងគ្រប់ប្រភេទដោយគ្មានការលើកលេងឡើង ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ កុំឱ្យប្រជាពលរដ្ឋមានការភិតភ័យ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសរសសេរសារថា៖ «ក្នុងមួយរយៈពេលនេះ សម្តេចបានសង្កេតឃើញមានការកើតឡើងជាញឹកញាប់នូវសកម្មភាពក្រុមក្មេងទំនើង ដែលបង្កភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈ ដោយរួមទាំងការប្រព្រឹត្តអំពើហិង្សា និងមានទាំងការប្រើប្រាស់អាវុធ ដូចជាកាំបិត ដាវ ពូថៅ ជាដើម ធ្វើឱ្យប៉ះពាល់ដល់សណ្តាប់សាធារណៈ សន្តិសុខសង្គម ពិសេស ភាពសុខសាន្តរបស់ប្រជាជន»។
ក្នុងនាមប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឱ្យអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវរឹតបន្តឹងការចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុត ចំពោះក្រុមក្មេងទំនើងទាំងនេះ ទាំងវិធានការរដ្ឋបាលក្នុងការបង្ការ ទប់ស្កាត់ ទាំងវិធានការអនុវត្តច្បាប់ ដោយគ្មានការបន្ធូរបន្ថយ និងដោយគ្មានការលើកលែង ដើម្បីការពារសណ្តាប់ធ្នាប់សាធារណៈ, សន្តិសុខសង្គម, សេចក្តីថ្លៃថ្នូររបស់សង្គមជាតិ ពិសេស ភាពសុខសាន្តរបស់ប្រជាជនក្នុងសហគមន៍។
ជាមួយគ្នានេះ, សម្តេចធិបតីនាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យស្ថាប័នអយ្យការ និងស្ថាប័នតុលាការ យ៉ាងដូច្នេះថា៖ «ត្រូវមានវិធានការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ក្នុងការចាត់ការលើសំណុំរឿងពាក់ព័ន្ធករណីក្មេងទំនើងទាំងនេះ ប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការអនុវត្តច្បាប់ ដើម្បីការការពារសង្គមជាតិ និងភាពសុខសាន្តរបស់ប្រជាជនយើង»។
ទន្ទឹមនឹងនេះ សម្តេចអិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវឱ្យឪពុកម្តាយ ក៏ដូចជា អាណាព្យាបាល ខិតខំតាមដាន អប់រំ និងទូន្មានប្រៀនប្រដៅដល់កូនៗ ក៏ដូចជា ក្មួយៗ ឱ្យដើរតាមគន្លងត្រឹមត្រូវ វៀរចាកនូវអំពើអបាយមុខ ដើម្បីក្លាយជាពលរដ្ឋល្អសម្រាប់សង្គមជាតិ។
ជាចុងក្រោយ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានអំពាវនាវដល់ក្មួយៗទាំងអស់ ដែលជាទំពាំងស្នងឬស្សីរបស់ប្រទេសខ្មែរយើង សូមប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ និងសេចក្តីថ្លៃថ្នូរថ្លៃហើយសូមជៀសវាងពីសកម្មភាពទាំងឡាយណាដែលបង្ករអន្តរាយដល់ខ្លួន គ្រួសារ និងសង្គមជាតិ៕