មណ្ឌលគិរី៖ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ នេះ បានបើកវេទិកានារីរតនៈ ស្តីពី “យុវជនរួមគ្នាកាត់បន្ថយអំពើហិង្សា” ដែលរៀបចំឡើងដោយនាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួង កិច្ចការនារី សហការណ៍ ជាមួយមន្ទីរកិច្ចការនារី និងមន្ទីរអប់រំយុវជន និងកីឡា ក្រោមអធិបតីភាព លោកស្រី ប៊ុន ពុទ្ធី រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី លោកស្រី វិន ស៊ីធួន អភិបាលរងខេត្ត ដោយមានការអញ្ជេីញចូលរួមពីសំណាក់ អាជ្ញាធរស្រុក ឃុំ មន្ត្រីជំនាញពាក់ព័ន្ធ និងសិស្សានុសិស្ស ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកកែវសីមា។
លោកស្រី ប៊ុន ពុទ្ធី រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានលើកឡើងថា វេទិកានេះ គឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការបញ្ជ្រាបចំណេះដឹងដល់យុវជនដែលជាទំពាំងស្នងឫស្សីដើម្បីយល់ដឹងអំពីអំពើហិង្សា ផលប៉ះពាល់នៃអំពើហិង្សាដែលកើតមានឡើង ចំពោះបុរសទៅលើស្ត្រី ម្តាយទៅកូន ពីគ្រូទៅសិស្ស និងសិស្ស និងសិស្សដូចគ្នា ឬក៏អំពើហិង្សានៅក្នុងក្រុមគ្រួសារណាមួយនោះ។
លោកស្រីបន្តថា ការចុះផ្សព្វផ្សាយអំពីបញ្ហាអំពើហិង្សានេះ គឺមានគោលបំណងបង្កើន និងបញ្ជ្រាប ការយល់ដឹងដល់យុវជន ធ្វើយ៉ាងណា រួមគ្នាកាត់បន្ថយអំពើហិង្សា នៅក្នុងប្រទេសកម្ពុជាយើងឲ្យបានជាដាច់ខាត និងដើម្បីឲ្យសិស្សានុសិស្សយល់ដឹង និងចេះដោះស្រាយនូវអំពើហិង្សានៅក្នុងក្រុមគ្រួសារ ឬចំពោះខ្លួនដែលនឹងអាចកើតមានឡើង។
លោកស្រីរដ្ឋលេខាធិការបញ្ជាក់ថា បើមានអំពើហិង្សានេះកើតឡើងហើយនោះ គឺ ជះឥទ្ធិពលអាក្រក់យ៉ាងខ្លាំង អាចឈានទៅដល់ការបែកបាក់គ្រួសារ និងបាត់បង់អនាគត់ដល់កូនៗនោះផងដែ។
សូមជម្រាបថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានជំរុញការកសាងសមត្ថភាព បុរស ស្ត្រី យុវវ័យឱ្យដល់កម្រិតខ្ពស់ដូចជា ការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ ការធ្វើឯកទេសសកម្ម ជំនាញវិជ្ជាជីវៈកម្រិតខ្ពស់ និងភាសាបរទេស ព្រមទាំងការអប់រំក្រៅ ផ្លូវការរួម មានសីលធម៌ គុណធម៌ សុជីវធម៌ ដើម្បីរួមចំណែកឈានសម្រេចទៅបានចក្ខុវិស័យរយៈពេលវែងរបស់រាជរដ្ឋាភិបាលដែលនឹងត្រូវ ប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០ផងដែរ៕