2024-11-10 01:11
13

ប៉ាគីស្ថាន៖ អាជ្ញាធរប៉ាគីស្ថាន បាននិយាយថាយ៉ាងហោចណាស់មានមនុស្ស ២៥នាក់បានស្លាប់បន្ទាប់ពីគ្រាប់បែកមួយគ្រាប់បានផ្ទុះនៅស្ថានីយ៍រថភ្លើងក្នុងខេត្ត Balochistan ភាគនិរតីនៃប្រទេសប៉ាគីស្ថាន។

មនុស្សជាច្រើនផ្សេងទៀត បានរងរបួសនៅក្នុងការបំផ្ទុះនេះ ដែលហេតុការណ៍នេះបានកើតឡើងខណៈដែលរថភ្លើងពេលព្រឹកហៀបនឹងចាកចេញពីស្ថានីយ៍ Quetta នៅភាគនិរតីនៃប្រទេសប៉ាគីស្ថានទៅកាន់ទីក្រុង Peshawar។

កាលពីពេលថ្មីៗនេះ នៅក្នុងប្រទេសប៉ាគីស្ថាន គេសង្កេតឃើញថាមានការកើនឡើងនៃការវាយប្រហារដ៏សាហាវដែលស្ថិតនៅក្នុងខេត្តកើតហេតុខាងលើ ដោយការកើនឡើងនេះកើតឡើងដោយសារតែការទាមទារឯករាជ្យ និងការគ្រប់គ្រងទៅលើធនធានដែលមាននៅក្នុងស្រុកផងដែរ។

ស្នងការក្រុងដែលនៅទីនោះបាននិយាយថា អ្នកដែលបំផ្ទុះគ្រាប់បែកនេះគឺត្រូវបានសង្ស័យថាគឺជាអ្នកដែលស្ថិតនៅក្នុងចំណោមអ្នកដែលបានស្លាប់ ខណៈមនុស្សប្រហែលជា៥០នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការបំផ្ទុះនោះ។

បន្ទាប់ពីកើតមាននូវហេតុការណ៍ដ៏រន្ធត់នេះ ប្រធានសភាជាតិប៉ាគីស្ថាន បានធ្វើការថ្កោសទោសចំពោះការបំផ្ទុះនេះ ដោយបាននិយាយថា អ្នកទទួលខុសត្រូវគឹជា “សត្រូវរបស់មនុស្សជាតិ”។

គួរបញ្ជាក់ផងដែរថា Balochistan គឺជាខេត្តដ៏ធំបំផុតរបស់ប្រទេសប៉ាគីស្ថាន និងសម្បូរជាងគេទាក់ទងទៅនឹងធនធានធម្មជាតិ ប៉ុន្តែវាមានការអភិវឌ្ឍន៍តិចតួចបំផុត។

ដោយតំបន់នេះមានព្រំប្រទល់ជាប់នឹងប្រទេសអ៊ីរ៉ង់ និងអាហ្វហ្គានីស្ថានដែលមានការគ្រប់គ្រងដោយតាលីបង់ មិនតែប៉ុណ្ណោះតំបន់នេះថែមទាំងមានឆ្នេរសមុទ្រដ៏ធំនៅតាមបណ្ដោយសមុទ្រអារ៉ាប់ថែមទៀតផង។