2024-01-24 04:01
352

អាវុធជាច្រើនប្រភេទរួមទាំងគ្រាប់រំសេវផងនោះត្រូវបានកម្លាំងយោធាថៃរកឃើញនៅពេលកំពុងល្បាតតាមខ្សែបន្ទាត់ព្រំដែន ដែលជនមិនស្គាល់មុខបានវេចខ្ចប់យ៉ាងស្អាតលាក់ទុកនៅតាមកំពតព្រៃ។

  កាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៤ កម្លាំងយោធាព្រំដែនថៃលេខ ៥២៣ និង ៥២៦ បានធ្វើការចេញល្បាតខ្សែបន្ទាត់ព្រំដែនរបស់ខេត្តច័ន្ទបុរី និងខេត្តត្រាត ដើម្បីត្រួតពិនិត្យបទល្មើសនានាអាចម៍ឆ្លងដែនពីកម្ពុជាទៅថៃនិងពីថៃមកកម្ពុជា។

  យោងតាមការផ្សាយរបស់គេហទំព័រថៃរ៉ាត់បានបញ្ជាក់ថា ខណៈដែលកម្លាំងយោធាព្រំដែនថៃធ្វើការល្បាតដល់ចំណុចជាព្រៃមួយកន្លែងជាប់ចំការមៀននៅត្រង់ចំណុចស្រុកសយដាវ ខេត្តច័ន្ទបុរី ប្រឈមនិងស្រុកកំរៀង ខេត្តបាត់ដំបង ក៏បានប្រទះឃើញវត្ថុគួរឱ្យសង្ស័យដែលគេរុំវិជ្ជាប់ដោយការ៉ុងជីជាច្រើនដុំហើយបានលាក់កត់ទុកនៅតាមព្រៃដោយមានការសង្ស័យកម្លាំងយោធាតុថៃបានចូលទៅត្រួតពិនិត្យលើវត្ថុទាំងនោះ។

  ក្រោយការត្រួតពិនិត្យឬកម្លាំងយោធាថៃបានរកឃើញ អាវុធប្រភេទ M១៦ចំនួន១៥ដើម អាវុធ AK ៤៧ ចំនួន ២២ ដើម អាវុធសម្រាប់បាញ់បញ្ជូនគ្រាប់បែកខ្នាត ៤០មីលីម៉ែត្រ (M២០៣) ចំនួនមួយដើម អាវុធខ្នាត ១២.៧ មីលីម៉ែត្រចំនួនមួយដើម គ្រាប់កាំភ្លើងខ្នាត១២.៧មីលីម៉ែត្រចំនួន៥១០ គ្រាប់។

  បច្ចុប្បន្នកម្លាំងយោធាថៃបានប្រមូលអាវុធទាំងនោះយកទៅរក្សាទុកដើម្បីស្រាវជ្រាវរកប្រភពដើម ហើយក៏កំពុងបន្តរុករកតាមខ្សែបន្ទាត់ព្រំដែនបន្ថែមទៀត ដើម្បីរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ៕