2024-01-26 05:01
294

ការបំពានយកដីចំណីអាងស្តុកទឹកចាន់ថ្នាល និងអូរដែលជាប្រព័ន្ធបង្ហូរទឹកចេញពីអាង ត្រូវបានគេចាក់ដីបំពេញ និងខ្លះសង់សំណង់រឹងបានសម្រេចទៀតផង ស្ថិតនៅភូមិក្រាំងចេក ស្រុកសាមគ្គីមុន្នីជ័យ ខេត្តកំពង់ស្ពឺ។
    បើតាមសេចក្ដីរាយការណ៍បានបញ្ជាក់ថា សំណង់មិនតិចជាង៣កន្លែងហើយដែលបានសង់រួចរាល់ ហើយកាលពីពេលថ្មីៗនេះគេបានចាក់ដីបំពេញបន្ថែម១កន្លែងទៀតនៅជាប់ខ្នងទំនប់លាតសន្ធឹងមកលើផ្ទៃអូរដែលនៅជាប់គ្នា ពោលចំនុចនោះបន្ទាប់ទំនប់គឺផ្ទៃអូរ។
    ទាក់ទងបញ្ហានេះលោក ញាញ់ ជៀបហង ប្រធានមន្ទីរធនធានទឹក ខេត្តកំពង់ស្ពឺ បានប្រាប់អ្នកកាសែតថា ដីដែលគេចាក់ថ្មីនោះលោកបានឱ្យក្រុមងារចុះហាមឃាត់ហើយ ប៉ុន្តែទាក់ទងសំណង់សង់បំពានយកបានសម្រេចហើយនោះលោកមិនទាន់បានបញ្ជាក់ថា ធ្វើបានដោយមូលហេតុអ្វី ហើយនឹងមានចំណាត់ការយ៉ាងណានោះទេ។
   ដោយឡែកផ្ទៃបឹងអាងស្តុកទឹកចាន់ថ្នាលផ្នែកខាងលិចជាច្រើនហិកតាត្រូវបានគេរាយការណ៍មកថាមានគេលើកដីចាក់ព័ទ្ធជាទំនប់ទប់ទឹកមិនឱ្យទឹកហូរចូល ហើយកាយ             អាចម៌ដីលក់រាប់ឆ្នាំមកហើយដោយមិនទាន់ឃើញមានអាជ្ញាធរ ក៏ដូចជាមន្រ្តីជំនាញពាក់ព័ន្ធ មានវិធានការទប់ស្កាត់នៅឡើយទេ ។ 
សូមបញ្ជាក់ថា អាងស្តុកទឹកចាន់ថ្នាលមានប្រវែងព័ទ្ធជុំវិញជាង៥គីឡូម៉ែត្រ ទំហំជាង ២១១ ហិកតា ដែលជាកន្លែងស្តុកនិងចែកចាយទឹកដ៏ធំមួយមកតាមបណ្ដាញប្រឡាយជាច្រើនខ្សែសម្រាប់ធ្វើកសិកម្ម និងការប្រើប្រាស់៕