ភ្នំពេញ៖ សំណុំរឿងករណីលូចចូលកាន់កាប់គណនីធនាគារ ABA Bank និងលួចផ្ទេរទឹកលុយអស់ជាង ១០ម៉ឺនដុល្លារនោះ ត្រូវបានកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ បំបែកសំណុំរឿងដោយឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់។
នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ នេះកម្លាំងនាយកដ្ឋានបានបង្ហាញមុខជនសង្ស័យចំនួន ០៣នាក់ ដែលបាន លូចចូលកាន់កាប់គណនីធនាគាររបស់ជនរងគ្រោះ រួចធ្វើសកម្មភាពផ្ទេរលុយចេញអស់ជាង ១០ម៉ឺនដុល្លារ ក្នុងរយៈពេលមិនដល់ ៣ម៉ោងផង។
នគរបាលនាយដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងនាយកដ្ឋានបានសហការជាមួយកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបំបែកសំបុកក្រុមជនសង្ស័យពាក់ព័ន្ធនឹងករណីលួចចូលកាន់កាប់គណនីធនាគារ និងដកប្រាក់សរុបប្រមាណចំនួន ១០ម៉ឺនដុល្លារអាមេរិក។
នគរបាលឲ្យដឹងទៀតថា ប្រតិបត្តិការនេះ ធ្វើឡើងក្រោយការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសបច្ចេកវិទ្យា។
នគរបាលបានឲ្យដឹងទៀតថា ការឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ដូចខាងក្រោម ៖
ទី១- ឈ្មោះ ហ៊ុន ច័ន្ទសុភ័ក្រ្ក ភេទប្រុស អាយុ ២៨ឆ្នាំ ជាមុខសញ្ញាសកម្មពាក់ព័ន្ធករណីឆបោក និងក្លែងអត្តសញ្ញាណ បច្ចុប្បន្នឃុំខ្លួនបណ្ដោះសន្នពាក់ព័ន្ធ នឹង បទល្មើស លួចចូលទៅដល់ ឬស្ថិតនៅនឹងប្រព័ន្ធប្រព្រឹត្តកម្មស្វ័យប្រវត្តិនៃទិន្នន័យក្លែងបន្លំ និងបទប្រើប្រាស់លិខិតក្លែង។
ទី២- ឈ្មោះ លឿង សុគន្ធា អាយុ ៤៥ឆ្នាំ ត្រូវជាម្ដាយរបស់ឈ្មោះ ហ៊ុន ច័ន្ទសុភ័ក្រ្ក ជាអ្នកទទួលប្រាក់ និងបានយកប្រាក់នោះទៅដើរទិញមាសពីហាងលក់មាស ចំនួន ៣ កន្លែង ក្នុងរាជធានីភ្នំពេញ និងបានប្រគល់មាសទាំងនោះទៅឱ្យ ហ៊ុន ច័ន្ទសុភ័ក្រ វិញ។
ទី៣- ឈ្មោះ ស៊ីណាត ស៊ីណា អាយុ ៣២ឆ្នាំ ជាមុខសញ្ញាចាស់ពាក់ព័ន្ធនឹងករណីឆបោក និងក្លែងអត្តសញ្ញាណ ព្រមទាំងបទល្មើសគ្រឿងញៀន ។
នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្រោយពីទទួលបានបទបញ្ជាដ៏ម៉ឹងម៉ាត់ លោកឧត្តមសេនីយ៍ទោ សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានដឹកនាំបញ្ជាផ្ទាល់ និងធ្វើការស្រាវជ្រាវ ករណីលួចក្លែងបន្លំ បើកយកលេខទូរសព្ទ និងឈានទៅកាន់កាប់យកគណនីធនាគាររបស់ជនរងគ្រោះហើយផ្ទេរប្រាក់អស់ ចំនួន ១០០,៤០០ដុល្លារសហរដ្ឋអាមេរិក។
សូមរំឭកថា ស្ត្រីជាអ្នកជំនួញអនឡាញម្នាក់ បានបង្ហោះសារលើគណនីហ្វេសប៊ុកឈ្មោះ Ravy Beauty កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ កន្លងមកនេះថា «១០០,០០០$ បាត់ចេញពី ABA ខ្ញុំក្នុងព្រឹកនេះ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ខ្ញុំមិនជឿថា ធនាគារ ABA គ្មានដំណោះស្រាយអោយខ្ញុំទេ បើមិនមានដំណោះស្រាយទេ ខ្ញុំនឹងទ្បាយនៅថ្ងៃស្អែក!»។
តាមគណនីហ្វេសប៊ុកឈ្មោះ Chhuy Bunleng ដែលបានអះអាងជាប្តីរបស់ គណនីហ្វេសប៊ុក Ravy Beauty ដែលបាត់លុយអស់ជាង ១០ម៉ឺនដុល្លារកុងអនាគារនោះ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ ឡាយរៀបរាប់ថា «ថ្ងៃទី២០៧ ជាថ្ងៃដែលខ្ញុំពិបាកចិត្តបំផុត តាំងពីកើតមក ដែលកុងធនាគារ ABA ប្រពន្ធរបស់ខ្ញុំត្រូវចោរវេរចេញ ១០ម៉ឺនដុល្លារ កាលពីម្សិលមិញ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ដែលជារឿងមួយមិនគួរឱ្យជឿ ជារឿងមួយនឹកស្មានមិនដល់»។
ម្ចាស់គណនី Chhuy Bunleng បាននិយាយថា នៅថ្ងៃទី៣១ ខែឧសភា លោកបានបាននៅផ្ទះពេញមួយព្រឹកដោយអានសៀវភៅ ដើម្បីត្រៀមបង្រៀនភាសារចិនពេលល្ងាចនៅវិទ្យាស្ថាន CEO Master Club បន្ទាប់ពីចប់ការបង្ក្រៀនក៏មានការជួបជុំគ្នាបន្តិតបន្តួចនៅវិទ្យាស្ថាន ស្រាប់តែប្រពន្ធទូរសព្ទមកប្រាប់ថា «រកទៅបើកលេខទូរសព្ទវិញគាត់បើកអត់បានទេ» ហើយលេខទូសព្ទទើងតែបើកថ្មីថ្មងផងដែរ ដែលបានបាត់នៅប្រទេសថ្ងៃ និងបើកវិញនៅថ្ងៃទី២៧ ស្រាប់តែម្សិលមិញនេះ (ថ្ងៃទី៣១.០៥.២០២៣) ប្រពន្ធរបស់គាត់ប្រាប់ថា «ខួចស៊ីម ប្រហែលជាម៉ោងជាង ៦ល្ងាចឃើញក្រុមហ៊ុននៅបើកក៏ប្រញាប់ប្រញាល់តេរកប្រពន្ធដើម្បីមកបើកលេខ ព្រោះភ័យ និងបារម្ភយ៉ាងខ្លាំង ដោយបើកស៊ីមនៅក្រុមហ៊ុនទូរសព្ទ Metfone នៅម៉ោងប្រមាណជាង ៧យប់»។
ពេលចូលទៅបើកលេខទូរសព្ទនោះ ត្រូវបានបុគ្គលិកក្រុមហ៊ុន Metfone ប្រាប់ថា «លេខរបស់បងមានគេបើកនៅព្រឹកនេះរួចហើយ» តើបងមានឱ្យគេបើកដែរឬអត់? លោកក៏ប្រាប់វិញថា «គ្មានទេ! គ្មានទេ!» គ្រាន់តែឭមានគេបើកបែបនេះទាំងលោក និងប្រពន្ធមានការស្កុតចិត្តតែម្តង។ ភ្លាមៗនោះប្រពន្ធរបស់លោកបានទាក់ទងទៅមិត្តភក្តិដែលគាត់ស្គាល់ដើម្បីសួរលុយក្នុងគេប្រាប់ថាអស់លុយប្រមាណជាង ១០ម៉ឺនដុល្លារបន្តិចបន្តួច។
ម្ចាស់គណនីហ្វេសប៊ុក Chhuy Bunleg បានបញ្ជាក់ថា «លេខទូរសព្ទនេះជាខ្លួនហេតុអ្វី? មានគេបើកអីក៏ស្រួលម្លេះ ដែលមិនមែនជាម្ចាស់។ ម្ស៉ាងទៀតហេតុអ្វី? បានអ្នកផ្សេងអាច Log in ABA App វេរលុយចេញអស់ ចំនួន ១០ម៉ឺនដុល្លារពី Account ABA ដោយមិនដល់ ៣ម៉ោង អស់លុយ ១០ម៉ឺនដុល្លារដែលលុយនេះជាញើសឈាមខំរកទាំងថ្ងៃទាំងយប់ ទាំងឈឺ បូករួមទាំងលុយខ្ចីគេខ្លះផង ដើម្បីធ្វើដើមបង្វិលរកស៊ីពិតអាណិតប្រពន្ធណាស់»។
សូមបញ្ជាក់ថា ក្រោយពីផ្ទុះករណីចោរចូលគ្រប់គ្រងគណនីធនាគារខាងលើ ជនរងគ្រោះ និងភាគីតំណាងធនាគារ បានសហការគ្នាជាមួយសមត្ថកិច្ចជំនាញប្រឆាំងបទល្មើសបច្ចេកវិទ្យា កំណត់បានមុខសញ្ញា និងបើកការស៊ើបអង្កេតរហូតឈានដល់ការចាប់ខ្លួនទាំងអ្នករួមគំនិតបាន ចំនូន ០៣នាក់។
បច្ចុប្បន្ន មន្រ្តីជំនាញកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕