2024-11-14 02:11
33

រាជធានីភ្នំពេញ ៖ សម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះក្នុងឆ្នាំ២០២៤នេះ មានការរៀបចំជាឆាកប្រគុំតន្ត្រី ឬកន្លែងសប្បាយភាពចំនួន១៣ទីតាំង ដែលមានស្តង់ជាង៤០០ស្តង់ ហើយក៏មានស្តង់ផ្សេងៗ ជាច្រើនទៀតផងដែរ ។

លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់អោយដឹងថា តាមរបាយការណ៍ ដែលរដ្ឋបាលរាជធានីភ្នំពេញ ទទួលបាន មានកន្លែងសប្បាយដែលមានឆាកប្រគុំតន្ត្រី ចំនួន១៣កន្លែង ក្នុងនោះក៏មានប្រដាល់គុណខ្មែរផងដែរ ដែលមានស្តង់ពិព័រណ៍ចន្លោះពី៤៣០ ដល់៤៥០ស្តង់ ហើយក៏នៅមានស្តង់ជាច្រើនផ្សេងៗទៀតផងដែរ ។

លោកស្រី បន្តទៀតថា ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ នឹងមានបងប្អូនប្រជាពលរដ្ឋ ចូលរួមច្រើន ហើយការលក់ដូរក៏មានច្រើនដែរ។ 

ដូច្នេះដើម្បីឱ្យកន្លែងលក់ដូរ មានសោភ័ណភាព មានអនាម័យល្អ ក្នុងនាមរដ្ឋបាលរាជភ្នំពេញ លោកស្រីស្នើឱ្យបងប្អូនអាជីវករ ចូលរួមទុកដាក់សម្ភារៈ និងរៀបចំទុកដាក់ឱ្យមានអនាម័យ ដើម្បីភាពស្រស់ស្អាត និងដើម្បីព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ ប្រព្រឹត្តិទៅដោយរលូន។ 

លោកស្រី ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលផងដែរ ដែលបានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ ។

សូមបញ្ជាក់ថា កន្លែងសប្បាយភាព ១៣ទីតាំងនោះ រួមមាន ៖ នៅសួនច្បារវត្តបទុមវតី ផ្នែកខាងត្បូង និងផ្នែកខាងជើង នៅក្រោយផ្សាររាត្រី នៅសួនព្រះនាងប្រាជ្ញាបារមី នៅកោះពេជ្រ កន្លែងចុះចត Helicopter នៅកោះពេជ្រខាងមុខអគារ L នៅកោះពេជ្រកន្លែងរៀបចំស្តង់ពិព័រណ៍សម្រាប់ជួល នៅទីលានប្រជាធិបតេយ្យ នៅរោងអាយ៉ៃវត្តភ្នំ នៅសួនមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC នៅក្បែររង្វង់មូលនាងមច្ឆា OCIC ជ្រោយចង្វារ និងពីរកន្លែងទៀតរៀបចំដោយក្រុមហ៊ុនឯកជនសម្រាប់លក់ផលិតផល និងសម្រាប់កន្លែងអង្គុយសាកថ្មទូរស័ព្ទដោយមិនយកថវិកាផងដែរ ៕