2024-11-05 10:11
126

(កែប)៖ នៅថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២៤  ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទការប្រកូតកីឡាជាតិលើកទី៤ លើវិញ្ញាសាកីឡាទ្រីយ៉ាត្លុង នៅវិថីតេជោសន្ដិភាពឆ្នេរអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប និងមានការអញ្ជើញចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត កងកម្លាំងទាំងបីប្រភេទ លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក លោកលោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កីឡាករកីឡាការនី ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើននាក់ផងដែរ។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែបបានថ្លែងក្នុងឱកាសបិទការប្រកួតកីឡាជាតិលើកទី៤ កីឡាទ្រីយ៉ាត្លុងនៅខេត្តកែប អភិបាលខេត្តបានកោតសរសើរដល់ កីឡាករ កីឡាការនី ដែលអញ្ជើញមកពីក្រសួង និងបណ្ដាខេត្តមួយចំនួនដូចជា ក្រសូងមហាផ្ទៃ, ក្រសួងការពារជាតិ, ខេត្តកែប, ខេត្តកំពត, ខេត្តបៃលិន, ខេត្តស្ទឹងត្រែង, និងខេត្តត្បូងឃុំ ដែលបានខិតខំប្រឹងប្រែងប្រកួតលើវិញ្ញាសារហែលទឹក, រត់ចំងាយ, និងជិះកង់ អាចទទួលបានជ័យលាភីល្អ ដើម្បីបន្ដទៅប្រកួតនៅថ្នាក់ជាតិនិងអន្ដរជាតិ។ 

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែបបានលើកឡើងថា ការជ្រើសរើសទីតាំងប្រកួតកីឡាជាតិលើកទី៤ កីឡាទ្រីយ៉ាត្លុងនៅខេត្តកែប ដែលជាទីតាំងថ្មីត្រៀមនឹងដាក់សម្ភោធនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រសិទ្ធិនាមថា វិថីតេជោសន្ដិភាពឆ្នេរអង្កោល ព្រោះទីតាំងនេះមានលក្ខណៈងាយស្រួលដល់ការប្រកួត មានសុវត្តិភាព និងមានផាសុខភាពដល់កីឡាករ កីឡាការនីផងដែរ។  

គួបញ្ជាក់ថាការប្រកួតកីឡាជាតិលើកទី៤ កីឡាទ្រីយ៉ាត្លុងនៅខេត្តកែប រយៈពេល២ថ្ងៃ នៅលើគ្រប់វិញ្ញាសារដែលទទួលបានជ័យលាភីផ្នែកវិញ្ញាសារ អាគ័តរត្លុង ផ្នែកនារី ដែលមកពីក្រសួងការពារជាតិទទួលបានលេខ១ ក្រសួងមហាផ្ទៃទទួលបានលេខ២ និងក្រសួងកាពារជាតិទទួលបានលេខ៣, ផ្នែកវិញ្ញាសារអាគ័តរត្លុង ផ្នែកបុរស ដែលមកពីក្រសួងការពារជាតិទទួលបានលេខ១, ខេត្តត្បូងឃុំទទួលបានលេខ២ និងក្រសួងមហាផ្ទៃទទួលបានលេខ៣, ផ្នែកវិញ្ញាសារទ្រីយ៉ាត្លុង ខេត្តកែបទទួលបានជ័យលីភីលេខ១ ក្រសួងការពារជាតិទទួលបានលេខ២ និងលេខ៣, ផ្នែកវិញ្ញាសារ ឌូអាត្លុង ផ្នែកបុរស ខេត្តកែបទទួលជ័យលីភីលេខ១ និងលេខ២, ខេត្តត្បូងឃុំទទួលបានលេខ៣, ផ្នែកវិញ្ញាសារ ឌូអាត្លុង ផ្នែកនារី ក្រសួងការពារជាតិទទួល១ ក្រសួងមហាផ្ទៃទទួលបានលេខ២ និងខេត្តកំពតទទួលបានលេខ៣៕