ពោធិ៍សាត់៖ លោក ធាង ឡេង អតីតអធិការនគរបាល នៃអធិការដ្ឋាននគរបាលស្រុកវាលវែង ត្រូវបានប្រកាសចូលកាន់មុខតំណែងជាអភិបាលស្រុកវាលវែង ជំនួសលោក វង្ស អេន អភិបាលស្រុកចាស់ ត្រូវផ្ទេរភារកិច្ចឱ្យមកបម្រើការងារនៅរដ្ឋបាលខេត្តពោធិ៍សាត់ បន្ទាប់កើតមានភាពមិនប្រក្រតី និងភាពអសកម្មក្នុងការដឹកនាំបង្កឱ្យមានការកាប់បំផ្លិចបំផ្លាញព្រៃឈើយ៉ាងរង្គាល ដើម្បីរំលោភយកដីធ្លីរបស់រដ្ឋធ្វើជាកម្មសិទ្ធនៅក្នុងតំបន់អភិរក្សជួរភ្នំក្រវ៉ាញ។
ពិធិប្រកាសចូលកាន់តំណែងអភិបាលស្រុកវែលវែងថ្មីនេះ ធ្វើឡើងនាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ អបដំណើរចូលរួមពីសំណាក់ លោកអភិបាលរង តំណាងអយ្យការអមសាលាដំបូងខេត្ត ក្រុមការងារចុះជួយស្រុក ឃុំ ថ្នាក់ដឹកនាំមន្ទីរ អង្គភាព នានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ អភិបាលក្រុងស្រុកទាំង៧ ក្រុមប្រឹក្សាឃុំ និងមន្ត្រីអ្នកមុខអ្នកការមួយចំនួនទៀតផងដែរ។
យោងតាមអនុក្រឹត្យ ស្តីពី ការផ្ទេរភារកិច្ច និងតែងតាំងមន្ត្រីរាជការ របស់រាជរដ្ឋាភិបាល លេខ២៩៤ អនក្រ.តត ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ បានបញ្ជាក់ថា៖ «ត្រូវបានសម្រេចផ្ទេរភារកិច្ចលោក វង្ស អេង ឋានន្តរស័ក្តិវរមន្រ្តី ថ្នាក់លេខ២ ពីអភិបាល នៃគណៈអភិបាលស្រុកវាលវែង ឱ្យទៅបម្រើការងារនៅរដ្ឋបាលខេត្តពោធិ៍សាត់»។
ក្នុងនោះក៏បានត្រូវបានតែងតាំងលោក ធាង ឡេង ឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ៤ ជាអតីតអធិការ នៃអធិការដ្ឋាននគរបាលស្រុកវាលវែង ឱ្យកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលស្រុកវាលវែង ចំណុះរដ្ឋបាលខេត្តពោធិ៍សាត់។
លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានថ្លែងថា៖ មូលដ្ឋានស្រុកវាលវែង មានការអភិវឌ្ឍន៍ រួមទាំងសេដ្ឋកិច្ច សង្គមកិច្ច បរិស្ថាន ដែលធ្វើឲ្យប្រជាពលរដ្ឋរបស់យើងទទួលបាននូវសមិទ្ធផលនានាជាបន្តបន្ទាប់ ហើយកិច្ចការបន្តត្រូវពង្រឹងទប់ស្កាត់បទល្មើសធនធានធម្មជាតិ។ ទន្ទឹមនឹងនេះអាជ្ញាធរស្រុកត្រូវពន្យល់ដល់ប្រជាពលរដ្ឋឲ្យមានករយល់ដឹងឲ្យបានច្រើនការថែទាំសុខភាព ថែមទាំងប្រជាពលរដ្ឋមានការយល់ដឹងកាន់តែច្រើនឡើងក្នុងការបញ្ជូនកូនបានទៅសាលារៀន ការយល់ដឹងអំពីសុវត្ថិភាព ចរាចរណ៍ផ្លូវគោក ដែលធ្វើឲ្យមានការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការយល់ដឹងរបស់ប្រជាពលរដ្ឋ មានការខិតខំប្រឹងប្រែងរកចំណូល ដើម្បីកាត់បន្ថយភាពក្រីក្ររ។
លោកអភិបាលខេត្ត បានយកឱកាសនោះសម្ដែងនូវអំណរគុណ និងកោតសរសើរអាជ្ញាធរស្រុកវាលវែង សម្រាប់ភាពជាអ្នកដឹកនាំ គ្រប់គ្រងចាត់ចែង អភិវឌ្ឍន៍ រហូតទទួលបានសមិទ្ធផលជាច្រើន កន្លងមក ផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ សាធារណៈជាធំ។
លោកអភិបាលខេត្តបានថ្លែងបញ្ជាក់ថា មន្ត្រីរាជការសាធារណៈទាំងអស់ ហ៊ានធ្វើអ្វីៗ ដើម្បីខិតខំដោះស្រាយបញ្ហាជូនប្រជាជនជនមានពិការភាព ជនក្រីក្រ ដោយគ្មានការរើសអើង និងហ៊ានធ្វើអ្វីទាំងអស់ ដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងសុខមាលភាព របស់ប្រជាពលរដ្ឋនៅឯមូលដ្ឋាន៕