រតនគិរី៖ យុវជនម្នាក់ជិះម៉ូតូម្នាក់ឯងអត់ពាក់មួកសុវត្ថិភាពបុកឆ្កែរត់ឆ្លងផ្លូវបណ្តាលឲ្យដួលបោកក្បាលស្លាប់ បន្ទាប់ពីបញ្ជូនទៅកាន់មន្ទីរពេទ្យ។
ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ៦និង៣០នាទីល្ងាច ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ៧៨ ស្ថិតក្នុងភូមិ១ (តាស៊ុយ) សង្កាត់កាចាញ ក្រុងបានលុង។
ជនរងគ្រោះមានឈ្មោះ ហាំ គៀង ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត ភូមិវើនសៃ ឃុំប៉ុង ស្រុកវើនសៃ ខេត្តរតនគិរី។
មុនពេលកើតហេតុ យុវជនរងគ្រោះជិះម៉ូតូ ០១គ្រឿង ម៉ាក វ៉េវ គ្មានស្លាកលេខ តែម្នាក់ឯងចេញពីកន្លែងធ្វើការក្នុងទិសដៅពីជើងទៅត្បូងមកដល់ត្រង់ចំណុចកើតហេតុបានបុកឆ្កែរត់ឆ្លងផ្លូវបណ្ដាលឲ្យដួលបោកក្បាល និងផ្លូវរងរបួសធ្ងន់ត្រូវបានទៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ដើម្បីជួយសង្គ្រោះ ប៉ុន្តែរបួសធ្ងន់ពេកក៏ស្លាប់តែម្តង។
លោកសុខ សារ៉េត នាយប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់កាចាញ បានឲ្យដឹងថា ជនរងគ្រោះបើបបរម៉ូតូមិនបានពាក់មួកសុវត្ថិភាព ទើបពេលជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យបោកក្បាលរងរបួសធ្ងន់រហូតឈានដល់បាត់បង់អាយុជីវិតបែបនេះ។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសាច់ញាតិមកទទួលយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕