2023-09-13 05:09
338

(ភ្នំពេញ)៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាប់ខ្លួនជនសង្ស័យចំនួន២នាក់ ជាបន្ដបន្ទាប់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទប្រជាពលរដ្ឋ នៅផ្លូវ៥៩៨ ភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងដឹកនាំបញ្ជាផ្ទាល់ដោយ លោកឧត្តមសេនីយ៍ត្រី លី ប៊ុនអេង ស្នងការរង ទទួលដឹកនាំការិយាល័យ។

របាយការណ៍ដដែលបានបញ្ជាក់ថា នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចផ្ទះជួល ផ្លូវបេតុង ភូមិ៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរស័ព្ទដៃ) ប្រព្រឹត្តនៅចំណុចផ្លូវលេខ៥៩៨ ភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ និងចាប់យកទូរស័ព្ទដៃរបស់ជនរងគ្រោះ ចំនួនមួយគ្រឿង និងបន្តចាប់យកម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាពចំនួនមួយគ្រឿង នៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈ PTT ផ្លូវលេខ១៩៨៦ សង្កាត់ភ្នំពញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បញ្ជូនមកការិយាល័យដើម្បីចាត់ការតាមនីតិវិធី។

ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ ហេង ចាន់ន្នី អាយុ៤១ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិ៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក និងឈ្មោះ ប៊ុន ម៉ៅ ហៅវីត អាយុ៣៣ឆ្នាំ ស្នាក់នៅផ្ទះជួលសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (ចាប់នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ជននេះអ្នកបើកម៉ូតូ)។ វត្ថុតាងចាប់យក ម៉ូតូម៉ាកហុងដាឃ្លីក ពណ៌ខ្មៅ បិតតែមរូបភាពចម្រុះពណ៌ស-ក្រហម ពាក់ផ្លាកលេខភ្នំពេញ1HI-9757 និងភ័ស្តតាងចាប់យក ទូរស័ព្ទដៃម៉ាក សាំសុង ពណ៌ខ្មៅ ចំនួនមួយគ្រឿង។

ដោយឡែក ជនរងគ្រោះឈ្មោះ ខាំង សុខជីង អាយុ៦២ឆ្នាំ ជនជាតិកូរ៉េ មានទីលំនៅផ្ទះលេខ២២៧ ផ្លូវលេខ៥៩៨ ភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាព ព្រមទាំងទូរស័ព្ទដៃជារបស់ជនរគ្រោះដែលចាប់យកបាន ការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕