2024-10-25 11:10
13

ព្រៃវែង៖     នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ អង្គការមូលនិធិនៃក្តីសង្ឃឹម បានផ្តល់អំណោយអាហារូបករណ៍ជាគ្រឿងឧបភោគ បរិភោគ និងសម្ភារៈសិក្សា ដល់កុមារដែលមានជីវៈភាពខ្វះខាត ក្នុងការសិក្សា ដើម្បីជម្រុញឲ្យកុមារបានបន្តការសិក្សាដែលមានចំនួន ៩៨ នាក់ នៃស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដែលមានការអញ្ជើញចូលរួមពីលោក ប៉ិច សុង អភិបាលស្រុកស្វាយអន្ទរ ព្រមទាំងតំណាងអង្គការមូលនិធិនៃក្តីសង្ឃឹម ។ 

ដំណាងអង្គការមូលនិធិនៃក្តីសង្ឃឹមបាន ថ្លែងអំណរគុណដល់អាជ្ញាធរស្រុក ឃុំទាំងអស់ដែលបានសហការជាមួយអង្គការមូលនិធិនៃក្តីសង្ឃឹមនេះបានយ៉ាងល្អជាច្រើនឆ្នាំកន្លងមកនេះ។ 

លោកក៏បានបន្តទៀតថាអង្គការមូលនិធិនៃក្តីសង្ឃឹម នេះគឺក្នុងគោលបំណងជួយឲ្យកុមារដែលមានជីវភាពខ្វះខាតក្នុងការសិក្សា ឲ្យមានឱកាសបានបន្តសិក្សាដូច កូនអ្នកដែលមានជីវភាពធូរធាដែរ។ 

លោកក៏បន្ថែមទៀតថា សូមឱ្យប្អូនៗដែលទទួលបានអាហារូបករពីអង្គការមូលនិធិនៃក្តីសង្ឃឹមនេះត្រូវខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្រឲ្យបានពូកែដើម្បីឲ្យម្ចាស់ជំនួយគាត់បន្តផ្ដល់ជំនួយនេះជាបន្តទៀត។ 

ថ្លែងនៅក្នុងឱកាសនោះផងដែរលោក  ប៉ិច សុង អភិបាលស្រុកស្វាយអន្ទរ បានលើកឡើងថា ការផ្ដល់អាហារូបករណ៍ដល់កុមារ ដែលមានជីវភាពខ្វះខាត របស់អង្គការមូលនិធិនៃក្តីសង្ឃឹមនេះ គឺក្នុងគោលបំណងដើម្បីជំរុញឲ្យកុមារដែលមានជីវៈភាពក្រីក្រខ្វះខាតក្នុងការបន្តការសិក្សារៀនសូត្រ មានឱកាសបានបន្តការសិក្សារៀនសូត្រដូចគ្រួសារដែលមានជីវភាពធូរធារដែរ។

លោក អភិបាលស្រុក បានបន្តថា ក្នុងនោះអង្គការក៏បានជួយឧបត្ថម្ភគាំទ្រដល់កុមារដែលមានជីវៈភាពក្រីក្រខ្វះខាតនេះនូវគ្រឿងឧបភោគ បរិភោគ និងសម្ភារៈសិក្សាមួយឈុតរយៈពេល ១ ឆ្នាំសម្រាប់កុមារម្នាក់។ 

ចំពោះកាផ្តល់សម្ភារៈសិក្សា គ្រឿងឧបភោគ បរិភោគនេះ ក្នុងកុមារម្នាក់ៗ គឺជួយរយៈពេល  ៦ ឆ្នាំ ដោយចាប់ពីថ្នាក់ទី ១ ដល់ថ្នាក់ទី ៦ និងបន្តរហូតដល់ថ្នាក់ទី៩ ប្រសិនបើគាត់នៅតែបន្តការសិក្សា   ហើយនិងបន្តជួយរហូតដល់ថ្នាក់ទី១២ ទៀតប្រសិនបើគាត់នៅតែបន្តការសិក្សា ហើយក្នុងនោះអង្គការក៏ជួឧបត្ថម្ភសម្លៀកបំពាក់ រួមទាំងអាហារមានអង្ករចំនួន២ខែម្ដងផងដែរ។ 

ដែលនេះគឺជាការជួយយកចិត្តទុកដាក់ពីអង្គការមូលនិធិនៃក្តីសង្ឃឹមតាមរយៈលោក ប៉ិច សុង អភិបាលស្រុក ដល់កុមារដែលមានជីវភាពខ្វះខាតក្នុងការសិក្សានេះយ៉ាងធំធេងសម្រាប់ស្រុកស្វាយអន្ទរ។ 

លោក អភិបាលស្រុក ក៏បានបន្ថែមទៀតថាអង្គការមូលនិធិនៃក្តីសង្ឃឹមនេះបានជួយទាំងសម្ភារៈសិក្សា និងគ្រឿងឧបភោគ បរិភោគ ដល់កុមារដែលមានជីវភាពខ្វះខាតក្រីក្រក្នុងការសិក្សានេះ អស់រយៈពេល ៧ ឆ្នាំកន្លងមកហើយ។ 

ហើយក្នុងនោះមិនត្រឹមតែជួយ តែសម្ភារៈសិក្សា និងគ្រឿងឧបភោគ បរិភោគ ដល់កុមារប៉ុណ្ណោះទេ អង្គការនេះក៏បាន ជួយសាងសង់លំនៅដ្ឋានដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្រីក្រគ្មានទីពឹងប្រមាណជាង ៧០ ខ្នងផ្ទះរួចមកហើយផងដែរ។ 

លោក អភិបាលស្រុក បានបន្តទៀតថា ទាំងនេះគឺជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាអង្គការមូលនិធិនៃក្តីសង្ឃឹម និងរដ្ឋបាលស្រុកក្នុងការលើកកម្ពស់ ធនធានចំណេះដឹង ដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសសម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងការផ្ដល់ឱ្យកូនបន្តការសិក្សារៀនសូត្រ។ 

លោក អភិបាលស្រុក ក៏សូមផ្តាំផ្ញើដល់ក្មួយៗ ទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្រ ឲ្យអស់ពីកម្លាំងកាយចិត្តដោយមិនត្រូវបោះបង់ការសិក្សា និងត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀន។ 

ព្រោះថាចំណេះដឹងនេះគឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការជួយយឹតយោងជីវភាពក៏ដូចជាអនាគតរបស់ក្មួយៗនាពេលអនាគតរុងរឿង។ 

លោកក៏បានណែនាំដល់អាណាព្យាបាលសិស្សទាំងអស់ត្រូវជម្រុញនិងលើកទឹកចិត្តដើម្បីឲ្យគាត់បានទៅសាលា បន្តការសិក្សារៀនសូត្រឲ្យបានគ្រប់គ្នាៗ។  

សម្ភារៈដែលបានផ្ដល់ជូននោះមានអង្ករ ៥០ គឺឡូក្រាម, ត្រីខ,ខ្លាញ់,ស្ករស,អំបិល,ផងដែរ៕