2024-06-19 06:06
170

សៀមរាប៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក បានថ្លែងថា «ក្នុងនាមជាកងកម្លាំងម្នាក់ ត្រូវមានស្មារតីការពារជាតិ ថែរក្សាសុខសន្តិភាព និងសុវត្ថិភាពប្រជាជនជាប់ជានិច្ច»។
    ឧត្តមសេនីយ៍ជាន់ខ្ពស់ក្រសួងការពារជាតិរូបនេះ បានថ្លែងបែបនេះ នាឱកាសជួបសំណេះសំណាល និងចែកអាវភ្លៀង ដែលជាអំណោយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រគល់ជូនដល់បងប្អូនកងកម្លាំងប្រដាប់អាវុធ ទិសយោធភូមិទី៤ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៤ ខេត្តសៀមរាប នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤នេះ។ 
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចទាំងពីរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឯកឧត្តមនាយ ឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តមនាយ ឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ជូនដល់បងប្អូនកងប្រដាប់អាវុធ និងក្រុមគ្រួសារកងទ័ពគ្រប់រូម។ 
    លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានថ្លែងថា៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ តែងតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់កងប្រដាប់អាវុធរបស់យើង និងគ្រួសារហើយជារៀងរាល់ឆ្នាំសម្តេចតែងតែឧបត្ថម្ភនូវអាវភ្លៀង អាវរងារ ដល់កងទ័ពមិនដែលអាក់ខានឡើយ និងសូមអរគុណដល់បងប្អូនកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានបំពេញការងារ និងភារកិច្ចរបស់ខ្លួនប្រកបដោយទំនួលខុសត្រូវខ្ពស់ ដើម្បីសុខសុវត្ថិភាពប្រជាជន និងថែរក្សាការពារសុខសន្តិភាព ជូនជាតិមាតុភូមិ។ 
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក  បានថ្លែងបញ្ជាក់ថា៖ «កងកម្លាំងប្រដាប់អាវុធ ត្រូវចាត់ទុកគ្រឿងញៀន គឺជាខ្មាំងផ្ទៃក្នុងរបស់យើង ដែលត្រូវដាច់ខាតរួមគ្នាកម្ទេច និងកម្ចាត់ខ្មាំងមួយនេះ ចេញពីសង្គមជាតិយើង»៕