2023-05-03 03:05
1228


ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ទីក្រុង ស៊ូម៉ាត្រាខាងលិច នៃប្រទេសឥណ្ដូនេសុី ចង់ចងសម្ព័ន្ធមេត្រីភាពជាមួយរាជធានីភ្នំពេញ ដើម្បីពង្រីកវិស័យអប់រំ,សេដ្ឋកិច្ច ,ទេសចរណ៍ , ពាណិជ្ជកម្ម និងវប្បធម៌ឲ្យកាន់តែល្អថែមទៀត។


   លោកឃួង ស្រេង បានបញ្ជាក់បែបនេះ  ខណៈដែលលោកទទួលជួបលោក ម៉ាយែលឌី អាន់ស្សារូឡា (Mahyeldi Ansar ullha) អភិបាលខេត្តស៊ូម៉ាត្រាខាងលិច ជួបសម្តែងការគួរសម និងពិភាក្សាការងារ  នៅ ល្ងាចថ្ងៃទី០២ ឧសភា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ ។
   លោកម៉ាយែលឌី អាន់ស្សារូឡា បានមានប្រសាសន៍លើកឡើងថា ការចងសម្ព័ន្ធមេត្រីភាពរវាងទីក្រុងទាំងពីរ ធ្វើឲ្យយើងអាចធ្វើការរួមគ្នានិងធ្វើឲ្យទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែល្អប្រសើរ ពិសេសទីក្រុងស៊ូម៉ាត្រាខាងលិចនិងរាជធានីភ្នំពេញ ទាំងលើវិស័យអប់រំ.សេដ្ឋកិច្ច.ទេសច រណ៍. ពាណិជ្ជកម្មនិងវប្បធម៌ជាដើម។
     លោកបានបញ្ជាក់ថា៖ នៅដើមខែសីហាឆ្នាំ ២០២៣ខាងមុខនេះ សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាគ្រោងនិងអញ្ជើញទៅធ្វើទស្សនកិច្ចនៅទីក្រុងស៊ូម៉ាត្រាខាងលិច ។ នៅក្នុងឱកាស នោះយើងចង់រៀបចំឯកសាររដ្ឋបាលដើម្បីចងសម្ព័ន្ធមេត្រីភាពជាមួយនឹងរដ្ឋបាលរាជធានីភ្នំពេញតែម្ដង ដោយលោកនឹងអញ្ជើញ អភិបាលរាជធានីភ្នំពេញទៅបំពេញទស្សនកិច្ចនៅពេលនោះដែរ។
   លោកម៉ាយែលឌី អាន់ស្សារូឡា ក្នុងឱកាសនោះដែរ ក៏បានសំដែងនូវ ការអបអរសាទរចំពោះសម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា នាឱកាសដែលសម្ដេចទទួល បាននូវគោរមងារកិត្តិយស “ពុទ្ធមាមកាភិបាល” ពីអង្គការពុទ្ធសាសនិកពិភពលោក និង “បណ្ឌិតកិត្តិយស ផ្នែកមនុស្សសាស្រ្ត”កាលពីព្រឹកថ្ងៃទី០២ ឧសភា ។ ការទទួលគោរម ងារកិត្តិយសនេះគឺពិតជាស័ក្កិសម ណាស់ ដោយសម្ដេចមិនត្រឹមតែមានស្នាដៃ ក្នុងការស្វែងរកសន្តិភាពជូនកម្ពុជាប៉ុណ្ណោះទេ តែសម្តេចហ៊ុន សែន នៅបានធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា មានសុខដុមរមនា សាសនាថែមទៀត។ បន្ថែមពីនេះ លោកម៉ាយែលឌី អាន់ស្សារូឡា ក៏បានថ្លែងនូវការកោតសរសើរ ចំពោះភាពរីកចម្រើន របស់រាជធានីភ្នំពេញផងដែរ ដោយមានទាំងអគារខ្ពស់ៗជាច្រើន ជាមួយនឹងទីផ្សារទំនើបៗផងដែរ។


 លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងឱកាសនោះ ក៏បាន បញ្ជាក់ផងដែរថា សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ គឺមានគោលបំណងចង់ចងសម្ព័ន្ធមេត្រីភាពជាមួយទីក្រុង នានាទាំងអស់ នៅលើពិភពលោក ។ កន្លងមកនេះយើងបានចងសម្ព័ន្ធមន្ត្រីភាពជាមួយជាទីក្រុងជាច្រើនរួច ហើយ មានទាំងទីក្រុងប៉ារីស ទីក្រុងឡុងប៊ិច ទីក្រុងមួយចំនួននៅប្រទេសប្រទេសចិន.ទីក្រុងបាងកក.ហាណូយហូជីមីញជាដើម និងមានការិ យាល័យ ទីក្រុងប្រើប្រាស់ភាសា បារាំងនៅរាជធានីភ្នំពេញ ថែមទៀតផង ។
 ពាក់ព័ន្ធនឹងការចងសម្ព័ន្ធមេត្រីភាពរវាងទីក្រុងស៊ូម៉ាត្រាខាងលិច និងរដ្ឋបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានបញ្ជាក់ថា សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានឯកភាពហើយ ពោលគឺនៅសល់តែទីក្រុងទាំងពីររៀបចំជាឯកសាររដ្ឋបាលដើម្បីចងសម្ព័ន្ធមេត្រីភាពគ្នាតែប៉ុណ្ណោះ។ នៅដើមខែសីហាឆ្នាំ២០២៣ ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញនិងចាត់អោយអភិបាលរងទទួលបន្ទុកទៅទំនាក់ ទំនងលើការងាររដ្ឋបាលនៃការចងសម្ព័ន្ធមេត្រីភាពជាមួយនឹងទីក្រុងស៊ូម៉ាត្រាខាងលិចនេះ៕