2024-11-06 03:11
33

(បាត់ដំបង)នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បងប្អូនអាជីវករផ្សារបឹងឈូកប្រមាណជិត១០០នាក់បានមកប្រមូលផ្តុំគ្នានៅខាងមុខផ្សារដើម្បីទាមទារស្នើសុំអាជ្ញាធរចូលក្នុងផ្សារពិនិត្យតូបលក់ដូរ និងរកដំណោះស្រាយ ក្រោយមានអគ្គិភ័យឆាបឆេះតូបខូចខាតសម្ភារអស់ជាច្រើន។

បងប្អូនអាជីវករបានលើកឡើងថា អ្វីដែលពួកគាត់បាននាំគ្នាមកពេលនេះ គោលបំណងទីមួយគឺស្នើសុំទៅដល់អាជ្ញាធរដើម្បីបានចូលផ្សារទៅពិនិត្យមើលសម្ភារៈនៅក្នុងតូបដែលរងការខូចខាតឬសេសសល់យ៉ាងណា គោលបំណងទីពីរគឺចង់រកដំណោះស្រាយ ពិសេសចង់ស្នើសុំមេធាវីរបស់សម្តេចអោយចុះមកជួយផ្នែកច្បាប់ជូនពួកគាត់។
ជាកិច្ចឆ្លើយតប លោក លាង វាសនា អភិបាលក្រុងបាត់ដំបង ក៏បានជម្រាបទៅកាន់បងប្អូនអាជីវករផ្សារបឹងឈូក សូមមេត្តាស្ងប់អារម្មណ៍ដោយរងចាំរសៀលនេះសិន ដើម្បីគណៈកម្មការថ្នាក់ជាតិ_ថ្នាក់ខេត្ត និងធ្វើការប្រជុំពិនិត្យជាក់ស្តែង និងវាយតម្លៃអំពីទំហំនៃការខូចខាតនៃសំណង់ផ្សារដែលទទួលរងការឆេះរយៈពេលប្រហែង៥ម៉ោង ដើម្បីកុំឲ្យបង្កគ្រោះថ្នាក់ជាយថាហេតុមកលើបងប្អូន ។

លោកបានបញ្ជាក់ថា ក្រោយមានអគ្គិភ័យឆាបឆេះ ជាលទ្ធិផលក្នុងការចុះពិនិត្យនិងវាយតម្លៃជាបឋមឃើញថា ចំនួនតូបនៅជាន់ទី០១នៃផ្សារបឹងឈូក មានចំនួន ១៤៨តូប ដែលភាគច្រើនជាតូបលក់ក្រណាត់, លក់ក្រណាត់ប៉ាក់ ឌិន ,វាំងនន, លក់កម្រាលពូក ហើយក្នុងនោះបានឆេះខូចខាតអស់ទាំងស្រុងចំនួន ១៣៩តូប និងនៅសល់០៣តូប ប៉ុន្តែមិនទាន់អាចបើកតូបបាន ដោយសារស្ថានភាពនៅជាន់ទី០១ នៅមានសភាពគ្រោះថ្នាក់ប្រេះស្រាំសរសៃដែកនិងបេតុងដែលនូវរងកំដៅខ្លាំងងាយនឹងបង្កគ្រោះថ្នាក់ជាយថាហេតុ ដោយឡែកតូបលក់ដូរផ្នែកជាន់ផ្ទាល់ដី មានចំនួន ២៨៤តូប មិនមានផលប៉ះពាល់ដោយសារអគ្គិភ័យឡើយ ហើយចំពោះឧបទ្ទេវហេតុនៃការឆេះនេះ ក្រុមការងារកំពុងស្រាវជ្រាវលំអិតអំពីមូលហេតុដែលបណ្តាលអោយឆេះផ្សារមួយនេះឡើង៕