2024-01-19 03:01
202

នៅទីស្តីការក្រសួង នាព្រឹក ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីភាពក្នុងការប្រគល់-ទទួល“ដ្រូន Mavic 3E និងឧបករណ៍វាស់ស្ទង់បាតទន្លេ(Bathymetric)” ដែលជាជំនួយរបស់ក្រុមហ៊ុនចិន Guang Dong និងបិទវគ្គបណ្តុះ បណ្តាលស្តីពីការប្រើប្រាស់សម្រាប់ការងារវាស់ស្ទង់បម្រើឱ្យវិស័យធនធានទឹកដល់មន្ត្រីនាយកដ្ឋានជំនាញពាក់ព័ន្ធ និងមន្ទីររាជធានី-ខេត្តទាំង២៥។

នៅក្នុងពិធីខាងលើនេះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថាគោលបំណងសំខាន់នៃការប្រគល់ឧបករណ៍នាពេលនេះគឺដើម្បីបំពាក់នូវឧបករណ៍វាស់ស្ទង់បែបទំនើបសម្រាប់បម្រើឱ្យការងារវិស័យធនធានទឹក និងបង្កើនចំណេះជំនាញបន្ថែមទៀតដល់មន្ត្រីរបស់ក្រសួង និងមន្ត្រីដែលមកពីបណ្តាមន្ទីររាជធានី-ខេត្ត អំពីការប្រើប្រាស់ដ្រូនសម្រាប់ហោះផ្តិតយករូបភាពបច្ចុប្បន្នភាពពីលើអាកាស ដែលជាបច្ចេកវិទ្យាទំនើបងាយស្រួលក្នុងការវាស់ស្ទង់ ក៏ដូចជាការកំណត់ព្រំអាងទឹក ហេដ្ឋារចនាសម្ព័ន្ធសំណង់ការងារទឹក បង្កើតបានជាផែនទីដែលមានរូបភាពបច្ចុប្បន្នភាពច្បាស់លាស់ជាមួយនឹងខ្សែកម្រិតកម្ពស់ដី ជាពិសេសអាចហោះមើល ទីតាំងមួយចំនួនដែលពិបាកក្នុងការធ្វើដំណើរទៅដល់។

ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា តាមរយ:វគ្គបណ្តុះបណ្តាលដ៏មានសារសំខាន់ពេញមួយថ្ងៃកាលពីម្សិលមិញ ការប្រគល់-ទទួល “ដ្រូន Mavic 3E និងឧបករណ៍វាស់ស្ទង់បាតទន្លេ(Bathymetric)” នាព្រឹកនេះគឺពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងបរិបទថ្មីនៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលបានកំណត់យកអាទិភាពគន្លឹះចំនួន៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ឆ្នាំ២០២២-២០៣៥ និងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ឆ្នាំ២០២១-២០៣៥ ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ការធ្វើទំនើបកម្មវិស័យធនធានទឹកនឹងជួយបង្កើននូវសមត្ថភាពមន្ត្រីជំនាញបន្ថែមទៀត ក្នុងការជួយគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រ និងការងារទន្លេ តាមរយ:ឧបករណ៍ទំនើបដែលបានចែកជូននេះ ដើម្បីយកទៅប្រើប្រាស់ក្នុងការបង្ហោះផ្តិតយករូបភាពបច្ចុប្បន្នភាពពីលើអាកាស យកមកផ្គុំបញ្ចូលគ្នាតាមរយៈការប្រើប្រាស់កម្មវិធី(Software) មួយចំនួនទៀតដែលជាបច្ចេកវិទ្យាទំនើបងាយស្រួលចំណេញពេលវេលា វាស់ស្ទង់បាតទន្លេ ព្រមទាំងច្រាំងនៅផ្នែកខាងលើផ្ទៃទឹក កំណត់ទំហំព្រំអាងទឹក និងវិសាលភាពហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្ត្រ អាចផលិតជាផែនទីដែលមានរូបភាពបច្ចុប្បន្នភាពច្បាស់ កម្រិតលម្អៀងតូចជាមួយនឹងខ្សែកម្រិតកម្ពស់ដី សម្រាប់ប្រើជាមូលដ្ឋាន និងទឡ្ហីករណ៍ច្បាស់លាស់ដោយឈរលើបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ក្នុងការគ្រប់គ្រង និងអភិរក្សនូវរាល់ហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្ត និងធនធានទឹកទាំងអស់ដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។