ភ្នំពេញ៖ បុគ្គលដែលប្រើអំពើហិង្សាទះកំភ្លៀងយុវតីម្នាក់ បង្កឱ្យមានការរិះយ៉ាងខ្លាំងពីសំណាក់មហាជន ត្រូវបានស្គាល់អត្តសញ្ញាណហើយ គឺមានតួនាទីជាអនុប្រធាននាយកដ្ឋាន នៃក្រសួងមុខងារសាធារណៈ និងត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ដើម្បីយកទៅសាកសួរ និងកសាងសំណុំរឿងតាមនិតិវិធីច្បាប់។
តាមសេចក្តីរាយការណ៍ពីភ្នាក់ងារសារព័ត៌មានយើង បានឱ្យដឹងថា នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ នេះ កម្លាំងសមត្ថកិច្ចអធិការនគរបាលខណ្ឌសែនសុខ បានចាបខ្លួនបុរសដែលប្រើអំពើហិង្សាលើក្មេងស្រីរងគ្រោះម្នាក់ គ្រាន់តែរឿងតែរឿងជិះម៉ូតូសាចទឹកដាក់គ្នាបន្តិចបន្តួចប៉ុណ្ណោះ។ សេចក្តីរាយការណ៍បានឱ្យដឹងបន្ថែមថា តាមព័ត៌មានបឋមពីសមត្ថកិច្ច បុរសដែលត្រូវបានឃាត់ខ្លួនខាងលើ មានឈ្មោះ ទី សុផាណា តួនាទីអនុប្រធាននាយកដ្ឋាន នៃក្រសួងមុខងារសាធារណៈ ដែលរងការប្ដឹងចោទប្រកាន់ពីយុវតីម្នាក់ពីបទ: ប្រើហិង្សាដោយទះកំភ្លៀង។
គួររម្លឹកផងដែរថា នៅប៉ុន្មានថ្ងៃកន្លងទៅថ្មីៗនេះ មានវីដេអូមួយបានបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុក ដោយឃើញសកម្មភាពបុរសម្នាក់ឈរជជែកគ្នាជាមួយយុវជន យុវនារី ០២នាក់ រួចបុរសរូបនោះ បានទះកំភ្លៀងយុវនារីនោះ ០១ដៃ ឃើញដូច្នេះយុវជនរួមដំណើរបានយកមួកសុវត្ថិភាពវាយទៅបុរសនោះវិញ។ ក្រោយបែកធ្លាយវីដេអូអំពើហិង្សានេះ បានបង្ហោះចែករំលែកលើបណ្តាញសង្គម ធ្វើឱ្យមហាជនរិះគន់បរុសម្នាក់នោះ និងស្នើសុំឱ្យសមត្ថកិច្ចគួរស្រាវជ្រាវ និងមានវិធានការច្បាប់ចំពោះបុគ្គលដែលមានចរឹកដ៏កាចសាហាវលើក្មេងស្រីទន់ខ្សោយបែបនេះ។
ក្រោយពីទទួលពាក្យបណ្តឹងពីយុវតីរងគ្រោះសមត្ថកិច្ចបានធ្វើការស្រាវជ្រាវរកអត្តសញ្ញាណបុរសរូបនេះ រហូតកំណត់បានមុខសញ្ញាច្បាស់លាស់ និងទីកន្លែងស្នាក់នៅ ត្រូវបានកម្លាំងសមត្ថកិច្ចប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនយកមកអធិការខណ្ឌសែនសុខ ដើម្បីសួរនាំតាមនិតិវិធី៕