2024-01-17 11:01
243

ភ្នំពេញ៖ ក្នុងប្រតិបត្តិការការចុះរដ្ឋបាលនេះដឹកនាំផ្ទាល់ដោយ លោក ចាប ឌីណា អភិបាលរងខណ្ឌដូនពេញ បានធ្វើឡើងនៅយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ នៅចំណុចបេនឡានផ្សារថ្មី និងតាមផ្លូវឌឿងហែម ក្បែរនោះ ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ។

កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានធ្វើរដ្ឋបាលនៅតំបន់ស្មុគស្មាញ បេនឡានផ្សារថ្មី និងតាមផ្លូវឌឿងហែមក្បែរនោះ សណ្ដាប់ធ្នាប់ បរិស្ថានអនាម័យ មានភាពអនាធិបតេយ្យ ដូច្នេះដើម្បីរក្សា សុវត្ថិភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ឲ្យបានល្អ អាជ្ញាធរបានចុះអប់រំណែនាំ ពលរដ្ឋដែលរស់នៅតំបន់នោះ ជាពិសេសអ្នករត់រថយន្តឈ្នួល និងរថយន្តដឹកទំនិញ។

លោក ចាប ឌីណា អភិបាលរងខណ្ឌបានអោយដឹងថា ការចុះធ្វើរដ្ឋបាលនេះ គឺអាជ្ញាធរចុះគ្រប់សង្កាត់តែម្តង ដោយចុះម្តងមួយសង្កាត់ៗ ដើម្បីរក្សា សុខសុវត្ថិភាព សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដើម្បីអោយមានភាពល្អប្រសើរ ។

បន្ថែមទៀតនោះ លោកបានលើកឡើងថាការចុះមកនេះមិនមែនចុះមករំខានការងាររកស៉ី របស់បងប្អូនឡើយ គឺចុះដើម្បីធានាសុខសុវត្ថិភាព ជូនពលរដ្ឋ។ 
ជាចុងក្រោយក្នុងនាមគណៈបញ្ជាការឯកភាព លោក ចាប ឌីណា អភិបាលរងខណ្ឌបានអំពាវនាវ សំណូមពរដល់ប្រជាពលរដ្ឋ ចូលរួមសហការជាមួយអាជ្ញាធរ ប្រសិនបើមានមុខសញ្ញា ឬជនប្លែកមុខ ជួយរាយការណ៍មកកាន់អាជ្ញាធរភ្លាមៗ ដើម្បីអោយមានភាពងាយស្រួលដល់ អាជ្ញាធរទប់ស្កាត់ និងធ្វើការអន្តរាគមន៍បានទាន់ពេលវេលា៕