2023-09-27 04:09
323

(ភ្នំពេញ)៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះ បានជួបប្រជុំជាមួយផ្នែកឯកជនក្នុងវិស័យទេសចរណ៍ តំណាងដោយសមាគមឧស្សាហកម្មទេសចរណ៍ មានជាអាទិ៍ សហព័ន្ធទេសចរណ៍ (CTF) សមាគមទេសចរណ៍កម្ពុជា (CATA) សមាគមសណ្ឋាគារកម្ពុជា (CHA) សមាគមភោជនីយដ្ឋានកម្ពុជា (CRA) សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATACC) សមាគមសហព័ន្ធចុងភៅកម្ពុជា (CCS) និងសមាគមស្ប៉ានិងសុខុមាលភាពកម្ពុជា (CSWA) ដើម្បីពង្រឹងកិច្ចសហការ និងបង្កើនការចូលរួមជំរុញវិស័យទេសចរណ៍ជាតិ។

នាឱកាសនោះ លោករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងកន្លងមកក្នុងការគាំទ្រ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ពិសេសបានចូលរួមអនុវត្តនិងគាំទ្ររាល់សកម្មភាពការងាររបស់ក្រសួងទេសចរណ៍ និងបានចូលរួមជួយវិស័យនេះឱ្យឆ្លងផុតវិបត្តិជំងឺកូវីដ-១៩ ប្រកបដោយភាពជោគជ័យ។


លោករដ្ឋមន្រ្តីក៏បានស្នើសុំតំណាងសមាគមឧស្សាហកម្មទេសចរណ៍បន្តការជួយគាំទ្រ និងជំរុញវិស័យទេសចរណ៍កម្ពុជាសម្រាប់អាណត្តិទី៧ នៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងភាពជាដៃគូយ៉ាងជិតស្និទ្ធរវាងរដ្ឋ-ឯកជន។

នៅក្នុងជំនួបនោះ តំណាងសមាគមឧស្សាហកម្មទេសចរណ៍បានរាយការណ៍ពីសកម្មភាពការងាររបស់សមាគមនីមួយៗ និងបានប្រកាសចូលរួមគាំទ្រសកម្មភាពការងាររបស់ក្រសួងទេសចរណ៍ក្នុងសាមគ្គីភាព និងភាពជាដៃគូជិតស្និទ្ធ។

ក្នុងន័យនេះ ក្រសួងទេសចរណ៍ និងសមាគមឧស្សាហកម្មទេសចរណ៍បានឯកភាពគ្នាដូចខាងក្រោម៖
* ជួបប្រជុំពិភាក្សាការងារឱ្យបានទៀងទាត់ ដើម្បីតាមដាន និងចូលរួមដោះស្រាយបញ្ហារបស់ផ្នែកឯកជនក្នុងវិស័យទេសចរណ៍
* រៀបចំកិច្ចប្រជុំក្រុមការងារទេសចរណ៍ (ក្រុម “ខ”) នៅក្នុងខែតុលា ឆ្នាំ២០២៣ ដើម្បីត្រៀមចូលរួមវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលគ្រោងរៀបចំក្នុងអំទ្បុងខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ
* ប្រគល់ភារកិច្ចជូនលេខាធិការដ្ឋានក្រុមការងារទេសចរណ៍ (ក្រុម “ខ”) សហការ និងសម្របសម្រួលជាមួយសមាគមឧស្សាហកម្មទេសចរណ៍ រៀបចំសកម្មភាពការងារប្រចាំឆ្នាំសម្រាប់ក្រុមការងារផ្នែកទេសចរណ៍។

លោករដ្ឋមន្រ្តី សុខ សូកេន និងតំណាងសមាគមឧស្សាហកម្មទេសចរណ៍ទាំងអស់បានសម្តែងនូវការបេ្តជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីជំរុញភាពប្រកួតប្រជែង ចីរភាព និងបរិយាបន្នសម្រាប់វិស័យទេសចរណ៍កម្ពុជា និងសម្រេចឱ្យបានចក្ខុវិស័យរបស់ក្រសួងទេសចរណ៍៕