2023-09-07 04:09
277

ខេត្តឧត្ដរមានជ័យ៖ គិតមកដល់ព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣នេះ ស្ថានភាពទឹកក្នុងទំនប់អាងទឹកតាម៉ុក ស្ថិតនៅភូមិសាស្ត្រនៅក្នុងស្រុកអន្លង់វែង បានហក់ឡើងដល់កម្ពស់ ៣.៨១ម៉ែត្រ ដែលស្ថានភាពទឹកនេះ គឺស្ថិតក្នុងកម្រិតកម្ពស់មួយ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋគួរមានការប្រុងប្រយ័ត្ន ។ នេះបេីតាមការបញ្ជាក់ពីលោក ញឺន កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្ដរមានជ័យ។ 

លោកប្រធានមន្ទីរូបនេះ បានឱ្យដឹងទៀតថា ទឹកក្នុងទំនប់អាងទឹកតាម៉ុក បានហក់ឡើងលឿន ដោយសារថា រយៈពេល ប៉ុន្មានថ្ងៃកន្លងមកនេះ មានភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅតាមតំបន់ជួរភ្នំដងរែក ក្នុងកម្រិតចាប់ពី ១០០មីលី ម៉ែត្រ ។

បន្ថែមពីនេះ លោកប្រធានមន្ទីរ បានគូសបញ្ជាក់ថា ប្រសិនពុំមានភ្លៀងធ្លាក់ថែមទៀតទេនៅថ្ងៃនេះ ទឹកនឹងស្រកចុះ វិញផងដែរ។ ជាមួយគ្នានេះ លោក ក៏បានជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរតំបន់អាងទឹកតាម៉ុក និងតាមដងអូរនា នា ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ បើទោះជាទឹកមិនទាន់ហក់ដល់កម្រិតប្រកាសអាសន្នក៏ដោយ ដែលកម្រិតប្រកាសអាន្ន គឺកម្ពស់ទឹក ៤ម៉ែត្រកន្លះ៕