2024-06-14 10:06
210

(ភ្នំពេញ)៖ គ្រឿងញៀនសុទ្ធជាង៤តោន ដែលបង្ក្រាបបាននាពេលកន្លងទៅត្រូវបានគណៈកម្មាធិការសម្រេចដុតបំផ្លាញចោល នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ។ ការដុតបំផ្លាញនេះ ធ្វើឡើងនៅទីតាំងឡឥដ្ឋមួយកន្លែង ស្ថិតក្នុងសង្កាត់សំរោងខាងត្បូង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
   ពិធីដុតបំផ្លាញនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ក្នុងនោះមានការចូលរួមពី លោក ងួន ណារ៉ា ប្រធានសាលាដំបូងរាជធានីភ្នំពេញ, លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ, លោកឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងទទួលផែន និងលោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
   យោងតាមរបាយការណ៍បានឲ្យដឹងថា គ្រឿងញៀនដែលត្រូវដុតបំផ្លាញនៅពេលនេះ មានចំនួន៥៤សំណុំរឿង ក្នុងនោះមានទៀតសាលក្រមស្ថាពរ និងសេចក្ដីសម្រេចមុនអង្គសេចក្ដី។
គ្រឿងញៀនដែលរៀបចំដុតបំផ្លាញនៅពេលនេះ សរុបចំនួន៤ តោន ១០០គីឡូក្រាម១០៨,៧៦ ក្រាម និងវគ្គក្រោយទៀត គឺការបំផ្លាញដោយវិធីសាស្ត្រ បន្សាបនូវសារធាតុគីមីផ្សំ ចំនួន៣ តោន ២៥៤គីឡូក្រាម ដែលជាអាស៊ីតមិន អាចធ្វើការបំផ្លាញដោយវិធីដុតបាន ដោយត្រូវរង់ចាំការបន្សាប៕