2024-11-03 01:11
43

រាជធានីភ្នំពេញ៖  អ្នកសារព័ត៌មានម្នាក់ត្រូវបាន មេបនល្បែងឈ្មោះ ណែត ព្រមទាំងបក្សពួក ព្រួតវាយ បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ នៅលើផ្លូវសាធារណៈស្ថិតក្នុងភូមិច្រាំងបាក់សង្កាត់ ច្បារអំពៅទី ២ ខណ្ឌច្បារអំពៅ កាលពីវេលាម៉ោង៩ និង ៤៥នាទីយប់ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤។

អ្នកសារព័ត៌មានដែលរងគ្រោះក្នុងអំពើហិង្សាខាងលើនេះមាន ឈ្មោះ សរ វាសនា ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ ជាអ្នកសារព័ត៌មាន នៅអង្គភាពគេហទំព័រ RMN News បានរៀបរាប់ឲ្យដឹងថាមុនពេលកើតហេតុ លោកបានបើក pass app ទៅរកបងនៅភូមិច្រាំងបាក់ ដែលកំពុងលេងល្បែងស្ទូចប្រេងកូឡា ក្នុងសង្កាត់ច្បារអំពៅទី២ គ្រានោះលោកក៏បានហៅបងប្រុសឲ្យមកផ្ទះវិញ បន្ទាប់មកបងរបស់គាត់ក៏បានងើបពីកន្លែងល្បែងនោះ រួចយកម៉ូតូជិះមកពីតាមពីក្រោយ ផាសអេបគាត់ ស្រាប់តែឈ្មោះណែត ដែលគេស្គាល់ថាគឺជាមេល្បែង បាននាំបក្សពួក មកព្រួតវាយវ៉ៃគាត់ បណ្ដាលមានរបួសលើផ្ទៃមុខយ៉ាងធ្ងន់ធ្ងរតែម្តង។ជនរងគ្រោះបានបន្តទៀតថានៅក្នុងហេតុការណ៍ខាងលើនេះដែរ មេកាងល្បែងឈ្មោះណែត ក៏បានដកកាតកាសែតរបស់គាត់មក កាច់បំផ្លាញបែកជាពីរ និងដកយកអាយកូមមួយគ្រឿង ព្រមទាំងទូរសព្ទដៃទៀតផង ។ 

បន្ទាប់ពីកើតហេតុជនរងគ្រោះបាន មកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលច្បារអំពៅទី២ ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ខណៈមកដល់ប៉ុស្តិ៍មានមន្រ្តីនគរបាលម្នាក់ដែលជាអ្នកធ្វើពាក្យបណ្ដឹង និងកំណត់ហេតុបានទូរសព្ទទាក់ទងទៅឈ្មោះណែត ដែលជាមេកាងល្បែងឱ្យយកកាតកាសែតនិងអាយកូមព្រមទាំងទូរសព្ទដៃមកឱ្យជនរងគ្រោះវិញ។

លុះមួយសន្ទុះក្រោយមកក៏ឃើញមេកាងល្បែងឈ្មោះណែតបានមកដល់ប៉ុស្តិ៍និងបានយកកាតកាសែត ទូរសព្ទដៃ និងអាយកូមមកឱ្យជនរងគ្រោះរួច រូបគេក៏បានជិះម៉ូតូត្រឡប់ទៅវិញ ធ្វើហាក់បីដូចជាគ្មានរឿងអ្វីកើតឡើងដូច្នោះដែរ ចំណែកសមត្ថកិច្ចប៉ុស្តិ៍ច្បារអំពៅទី២ ហាក់បីដូចជាខ្លាចអំណាចមេកាងល្បែងឈ្មោះណែត ទើបបានជាមិនមានវិធានការអ្វីទាល់តែសោះ ដោយអនុញ្ញាតឲ្យមេកាងល្បែងរូបនេះរួចខ្លួនដោយស្រួលៗបែបនេះ ។

ជុំវិញករណីខាងលើនេះនៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះលោកវរសេនីយ៍ត្រី អ៊ុ រតនា នាយនគរបាលប៉ុស្តិ៍ច្បារអំពៅទី២បានប្រាប់តាមទូរស័ព្ទថា លោកកំពុងធ្វើការក្នុងរឿងនេះហើយ ។