2024-11-15 01:11
11

(ភ្នំពេញ)៖ សូមចូលរួមអបអរសាទរ សម្រាប់ក្រុមកីឡាករទូក ង «ខ្មែរកម្ពុជាក្រោមមានជ័យ» មិនត្រឹមតែទទួលបានការឧបត្ថម្ភសម្រាប់ការប្រកួតនៅឆ្នាំ២០២៤នេះប៉ុណ្ណោះទេ នៅពេលនេះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានសម្រេចធ្វើទូកងខ្នាតវែងជូនមួយគ្រឿង ដើម្បីចូលរួមប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូកនៅឆ្នាំ២០២៥។ 

ដំណឹងដ៏រីករាយសម្រាប់គណៈកម្មការ កីឡាករ ក៏ដូចជាប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមនាពេលនេះ ត្រូវបានបញ្ជាក់ដោយលោក សាន សាង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈប្រធានគណបក្សប្រជាជនកម្ពុជា។

លោក សាន សាង បានបញ្ជាក់ថា «សម្តេចតេជោ បានយល់ព្រមផ្តល់ទូកងថ្មីមួយទៀត ជូនក្រុមកីឡាករខ្មែរក្រោម គឺទូកខ្នាតធំសម្រាប់ការប្រកួតនៅឆ្នាំក្រោយ។ សម្តេចបានចាត់ចែងឯកឧត្តម សេង ទៀង ក្នុងការសាងសង់ទូកនេះ»។

គួរបញ្ជាក់ថាចាប់តាំងពីឆ្នាំ២០០២មក បងប្អូនខ្មែរក្រោមដែលរស់នៅក្នុងប្រទេសកម្ពុជា តាមរយៈទូកងឈ្មោះ «ខ្មែរកម្ពុជាក្រោមមានជ័យ» តែងតែចូលរួមប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូកមិនដែលខកខាននោះឡើយ ទោះបីលទ្ធភាពខ្សត់ខ្សោយ ឬខ្វះខាតក៏            ដោយ។ ទូកដែលចូលរួមប្រណាំងនេះ ជាទូកខ្នាតខ្លីចំណុះត្រឹមតែ២២នាក់ប៉ុណ្ណោះ។

តាមរយៈការចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក ធ្វើឱ្យគេបានឭពាក្យថា «ខ្មែរកម្ពុជាក្រោម» ជាជនរួមឈាមរបស់ខ្មែរនៅខ្មែរក្រោម ដែលបានប្រឹងប្រែងជម្នះគ្រប់ការលំបាកថែរក្សាឈ្មោះ «ខ្មែរកម្ពុជាក្រោម» ថែរក្សាវប្បធម៌ ប្រពៃណ ទំនៀមទម្លាប់រួមទាំងពិធីបុណ្យអុំទូកផងនោះ ឱ្យគង់វង្សដល់បច្ចុប្បន្ន។

រយៈពេល២៣ឆ្នាំមកហើយ ដែលបងប្អូនខ្មែរក្រោមរស់នៅកម្ពុជា ប្រឹងប្រែងចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូកដើម្បីជាឱកាសស្រែកបន្ទរបង្ហាញឱ្យខ្មែរនៅប្រទេសកម្ពុជា បានដឹងបានឭពីឈាមជ័ររបស់ខ្មែរកម្ពុជាក្រោម។ ជារឿងត្រេកអរគ្មានអ្វីផ្ទឹមនោះឡើយ សម្រាប់ការចាប់ផ្តើមជួយជ្រោមជ្រែងរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាអ្នកសម្រេចឱ្យមានឈ្មោះទូកង «ខ្មែរកម្ពុជាក្រោមមានជ័យ» កាលពី២៣ឆ្នាំមុន។ ការជួយរបស់     សម្តេចតេជោ ស្មើនឹងការផ្តល់ទឹកសន្សើមប្រោសព្រំផ្តល់ដង្ហើមនៃក្តីប្រឹងប្រែងរបស់បងប្អូនខ្មែរកម្ពុជាក្រោមក្នុងការបន្តថែរក្សាវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ដូនតា ក៏ដូចជាផ្សព្វផ្សាយឱ្យខ្មែរគ្រប់ទីកន្លែងបានស្គាល់បានដឹង «ខ្មែរកម្ពុជាក្រោម»។ ការជួយជ្រោម ជ្រែងរបស់សម្តេចតេជោ គឺជាកម្លាំងចលករដ៏ខ្លាំងក្លាសម្រាប់កិច្ចប្រឹងប្រែងថែរក្សាអត្តសញ្ញាណមរតកដូនតាខ្មែរ។

លោក ញឹម រិទ្ធី ប្រធានគណៈកម្មការទូកងខ្មែរកម្ពុជាក្រោមមានជ័យ ក៏មិនខុសពីចំណុះទូក និងបងប្អូនខ្មែរកម្ពុជាក្រោមដទៃនោះឡើយ គឺពិតជាសប្បាយរីករាយគ្មានអ្វីប្រៀប         ផ្ទឹមបានឡើយ ជាមួយគ្នានោះ លោកក៏បាន គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតសម្រាប់ការជួយជ្រោមជ្រែងរបស់សម្តេចតេជោដល់ទូកង «ខ្មែរកម្ពុជាក្រោមមានជ័យ»។

សូមបញ្ជាក់ថា ទូកង «ខ្មែរកម្ពុជាក្រោមមានជ័យ» ត្រូវបានបង្កើត និងចូលរួមប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូកនៅឆ្នាំ២០០២។ ការស្នើសុំប្រើប្រាស់ឈ្មោះទូកង «ខ្មែរកម្ពុជាក្រោមមានជ័យ» នៅពេលនោះ មានការតាន់តឹងផងដែរ ក៏ព្រោះគណៈកម្មាធិការបុណ្យជាតិ និងអន្តរជាតិ មិនហ៊ានសម្រេចលើការអនុញ្ញាត ឬមិនអនុញ្ញាតឱ្យប្រើប្រាស់ឈ្មោះនេះ ព្រោះបារម្ភប៉ះពាល់ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម។ នៅពេលនោះ គឺមានការឆ្លងសុំយោបល់ពីសម្តេចតេជោ ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រី។ សម្តេចតេជោ មិនអល់អែកនោះឡើយ ហើយក៏សម្រេចឱ្យប្រើប្រាស់ឈ្មោះនេះតាំងពីពេលនោះមក។

បើតាមលោក សាន សាង ដែលជាប្រធានមិត្តសមាគមខ្មែរកម្ពុជាក្រោម និងជាអ្នកដាក់សំណើសុំប្រើឈ្មោះ «ខ្មែរកម្ពុជាក្រោមមានជ័យ» នៅចងចាំរឿងរ៉ាវមួយនេះមិនភ្លេចឡើយ ហើយចាត់ទុកសម្តេចតេជោ ជាមេដឹកនាំមួយរូបដែលមានគំនិតជ្រៅមិនអាចវាស់ស្ទង់បានចំពោះបងប្អូនខ្មែរក្រោម។ ចំណែកការប្រកួតនៅថ្ងៃទី១ ទូកង «ខ្មែរ              កម្ពុជា ក្រោមមានជ័យ» ទទួលបានជ័យជម្នះទាំងពីរជើងផងដែរ ៕