2023-08-02 01:08
530

(កំពត)៖ នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣នេះ ក្រោយប្រើប្រាស់រយៈពេល៤ថ្ងៃ សពនារីម្នាក់ដែលបាត់ខ្លួននៅទឹកធ្លាក់ឱម៉ាល់អំឡុងពេលភ្លៀងធ្លាក់ខ្លាំង និងខ្យល់កន្ដ្រាក់ ស្ថិតក្នុងឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត ត្រូវសមត្ថកិច្ចរកឃើញហើយ នេះបើតាមការឲ្យដឹងពី លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត។

 ថ្លែងប្រាប់ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ដែលជាអ្នកដឹកនាំប្រតិបត្តិការរុករកនេះដោយផ្ទាល់ បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រោយប្រើពេលរុករកអស់រយៈពេល៤ថ្ងៃ នៅពេលនេះសពនារីរងគ្រោះកម្លាំងសមត្ថកិច្ចបានរកឃើញហើយ នៅចម្ងាយពីកន្លែងកើតហេតុប្រមាណជាង២០០ម៉ែត្រ»

 គួរជម្រាបថា ប៉ុន្មានថ្ងៃមកនេះ ពោលតាំងពីថ្ងៃកើតហេតុ កម្លាំងសមត្ថកិច្ចចម្រុះ ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានធ្វើការរុករកយ៉ាងដុតដៃដុតជើង បើទោះបីជួបនៅការលំបាកមួយចំនួន ក្នុងប្រតិបត្តិការនេះដោយហេតុថា ទីតាំងនោះជាតំបន់ព្រៃភ្នំទឹកជ្រោះ និងគួបផ្សំភ្លៀងដែលធ្លាក់មកជាបន្ដបន្ទាប់ក៏មិនរាថយនោះដែរ។

 សូមរំលឹកថា នៅយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ មាននារី៣នាក់ បានបាត់ខ្លួនពេលទៅបោះតង់នៅទឹកធ្លាក់ឱម៉ាល់ ដោយសារតែភ្លៀងធ្លាក់ខ្លាំង និងខ្យល់។ ក្រោយកើតហេតុ សមត្ថកិច្ចបានរកឃើញនារី២នាក់ ជាប់នៅក្នុងតង់ ដោយក្នុងនោះម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស ខណៈម្នាក់បន្ដបាត់ខ្លួន ហើយរកឃើញ ថ្ងៃទី០២ ខែសីហានេះ។

 ជាមួយគ្នានេះ ទាំងអាជ្ញាធរ និងសមត្ថកិច្ច បានអំពាវនាវដល់ភ្ញៀវទេសចរដែលចង់ធ្វើដំណើរកម្សាន្ដ ពិសេសនៅតំបន់ព្រៃភ្នំ ទឹកជ្រោះ បោះតង់ជាដើមនោះ គួរបង្កើននូវការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ខណៈរដូវនេះជារដូវវស្សា ងាយនឹងមានភ្លៀងធ្លាក់ និងខ្យល់កន្ដ្រាក់ជាដើម៕