សិក្ខាសាលានេះត្រូវបានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរៀបចំធ្វើឡើងរយៈពេលចំនួន២ថ្ងៃគឺថ្ងៃទី៦-៧ ស្ថិតនៅភូមិខ្មែររីសត នាព្រឹកថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០២៣ ក្រោមអធិបតីឯកឧត្តម ជា ថាវរិទ្ធ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារបច្ចេកទេសវិស័យទឹកស្អាត និងអនាម័យខេត្ត(PWG) តំណាងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត និងក៏មានការអញ្ជើញ ចូលរួមពីលោក លោកស្រីអភិបាលក្រុងស្រុកទាំង៩ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងដៃគូអង្គការជាច្រើនរូបផងដែរ ។
ថ្លែងក្នុងអង្គសិក្ខាសាលាឯកឧត្តមអភិបាលរងខេត្តបានមានប្រសាសន៍ថា ខេត្តរតនគិរីបានកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជម្រុញការអភិវឌ្ឍនានានៅតាមមូលដ្ឋានសំដៅកាត់បន្ថយភាពក្រីក្ររនៅក្នុងប្រទេសកម្ពូជាស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះផងដែរការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ គឺជាផ្នែកមួយយ៉ាងសំខាន់ ដែលរដ្ឋបាលខេត្តបាន នឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងពោលគឺធ្វើយ៉ាងណាអោយការផ្គត់ផ្គង់សេវាផ្នែកនេះបានទៅដល់ដៃប្រជាពលរដ្ឋនិយាយ ជារួម គឺការសម្រេចអោយបាននូវទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជាឆ្នាំ ២០២៣ អត្រាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យអោយបាន៩០% និង ទស្សនវិស័យ “នៅឆ្នាំ ២០២៥ ប្រជាជនគ្រប់រូបនៅ សហគមន៍ជនបទ ត្រូវមានការផ្គត់ផ្គង់ទឹកស្អាតនិង អនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថាន ដែលមានអនាម័យប្រកបដោយនិរន្តរភាព”។ ជាយន្តការសំខាន់ៗមួយចំនួនដែលរដ្ឋបាលខេត្តរតនគិរី បានដាក់ចេញដើម្បីចូលរួមធ្វើឲ្យប្រសើរឡើងក្នុងការលើកកម្ពស់ផ្នែកផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទរួមមានការបង្កើតក្រុមការងារបច្ចេកទេសវិស័យផ្គង់ផ្គង់ទឹកស្អាត និងអនាម័យជនបទថ្នាក់ខេត្ត ដែលក្រុមការងារបានធ្វើការប្រជុំជាប្រចាំរៀងរាល់៣ខែម្តង ដើម្បីធ្វើបច្ចុប្បន្នភាពនៃវឌ្ឍនភាពវិស័យទឹកស្អាត និងអនាម័យ ។
ឯកឧត្តមអភិបាលរងខេត្តក៏បានថ្លែងអំណរ គុណចំពោះមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី អង្គការដៃគូសហការ លោក លោកស្រីពាក់ព័ន្ធទាំងអស់ ដែលជានិច្ចកាលយកចិត្តទុកដាក់ ជួយគាំទ្រសព្វបែបយ៉ាងមិនខ្លាចនឿយហត់ ហើយឯកឧត្តមក៏ថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ក្នុងការចូលរួមគ្រប់សកម្មភាពនៃការអភិវឌ្ឍន៍ក្នុងខេត្ត ហើយជាពិសេសអង្គការក៏ដូចជាដៃគូរអភិវឌ្ឍន៍នានា សូមបន្តជួយគាំទ្រ និងពង្រីកនូវវិសាលភាពនៃកម្មវិធីលើកម្ពស់ការផ្គត់ផ្គង់ទឹកស្អាតដែលតែងតែផ្តល់កិច្ចសហការយ៉ាងល្អ និងអង្គការភ្លែនអន្តរជាតិកម្ពុជាដែលបានផ្តួចផ្តើមរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះឡើង៕