ភ្នំពេញ៖ គណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤នេះ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំលើកទី៣ ដើម្បីពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាង ផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ឱ្យក្លាយទៅជា «តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» និង «ផែនការសកម្មភាព» មុននឹងដាក់ជូនរាជរដ្ឋាភិបាលអនុម័ត។ ផែនការ ដើម្បីរៀបចំអភិវឌ្ឍន៍ខេត្តព្រះសីហនុ ឱ្យទៅជា «ច្រកទ្វាអន្តរជាតិ, ប៉ូលអភិវឌ្ឍន៍ជាតិ, ទីក្រុងធំក្នុងអាស៊ាន»។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង (គ.ស.ផ.) បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្រប សម្រួលអន្តរក្រសួងលើកទី៣ ដើម្បីពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាង «ផែនការមេដើម្បីអភិវឌ្ឍ ខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» និង «ផែនការសកម្មភាព» មុននឹងដាក់ជូនរាជរដ្ឋាភិបាល អនុម័តដាក់ឱ្យអនុវត្តនាពេលខាងមុខ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រី, រដ្ឋលេខាធិការ, អភិបាលនៃគណៈអភិបាលខេត្តព្រះ សីហនុ និងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិក-សមាជិកា គ.ស.ផ. ផងដែរ។
សម្រាប់កិច្ចប្រជុំនេះ គឺជាវឌ្ឍនភាពថ្មីមួយដ៏សំខាន់របស់ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» ក្រោមការដឹកនាំដ៏ស្វាហាប់ និងឈ្លាសវៃរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, «ផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង»គឺជាត្រីវិស័យក្នុងការអភិវឌ្ឍខេត្តព្រះសីហនុ ឱ្យទៅជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយសំដៅជំរុញកំណើនសេដ្ឋកិច្ច, ការអភិវឌ្ឍសង្គម និងការការពារបរិស្ថាន ប្រកបដោយចីរភាព និងនិរន្តរភាព។ ជាមួយគ្នានេះ «ផែនការមេ» នេះ មានចក្ខុវិស័យរយៈពេលវែងឆ្ងាយ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជា៖ ទី១៖ ច្រកទ្វារអន្តរជាតិរបស់ប្រទេសកម្ពុជា ដោយប្រែក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនពហុមធ្យោបាយ និងឡូជីស្ទិក, មជ្ឈមណ្ឌលពាណិជ្ជកម្ម និងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ។ ទី២៖ ប៉ូលអភិវឌ្ឍន៍ជាតិ ដោយប្រែក្លាយជាគោលដៅទេសចរណ៍ឆ្នេរសមុទ្រ និងប្រជុំកោះលំដាប់សកលលោក, មជ្ឈមណ្ឌលជាតិ នៃការអភិវឌ្ឍឧស្សាហកម្ម និងមជ្ឈមណ្ឌលជាតិសម្រាប់នវានុវត្តន៍បច្ចេកវិទ្យា និង ទី៣៖ ទីក្រុងធំមួយនៅក្នុងតំបន់អាស៊ាន ជាមួយនឹងកិត្តិនាមជាទីក្រុងគំរូបៃតងប្រកបដោយចីរភាព, ចម្រុះវប្បធម៌ និងឆ្លាតវៃ។
ដើម្បីសម្រេចបានចក្ខុវិស័យ ផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ច ពិសេសគំរូពហុបំណង នឹងអនុវត្តជាពីរដំណាក់កាលគឺ៖ ដំណាក់កាលទី១ ឆ្នាំ២០២៥-២០២៨៖ ផ្តោតលើការធ្វើសមាហរណកម្មខេត្តព្រះសីហនុទៅ ក្នុងប្រព័ន្ធពាណិជ្ជកម្មក្នុងតំបន់, ការពង្រីកមុខងារភស្តុភារកម្ម និងវិស័យទេសចរណ៍ព្រមទាំង ការធ្វើឱ្យប្រសើរឡើងនូវទីក្រុងចាស់ ដែលមានតម្លៃបន្ថែមខ្ពស់ និងអភិវឌ្ឍតំបន់ថ្មីរួមទាំងការទាក់ទាញការវិនិយោគ។ ដំណាក់កាលទី២ ឆ្នាំ២០២៩-២០៣៨៖ ខេត្តព្រះសីហនុ នឹងពង្រឹងតួនាទីរបស់ខ្លួនជាច្រកទ្វារជាតិ និងជាទីក្រុងមជ្ឈមណ្ឌលក្នុងតំបន់ លើវិស័យហិរញ្ញវត្ថុ ពាណិជ្ជកម្ម ការអភិវឌ្ឍឧស្សាហកម្ម ការដឹកជញ្ជូន និងបច្ចេកវិទ្យា ព្រមទាំងអភិវឌ្ឍខ្លួនទៅជាទីក្រុងពហុមុខងារ សមស្របសម្រាប់សហគ្រិនភាពទីក្រុងបៃតង និងទីក្រុងឆ្លាតវៃ ព្រមទាំងជាខេត្តដែលមានចំណូលខ្ពស់ប្រកបដោយវិបុល- ភាព។
ជាលទ្ធផលអង្គប្រជុំបានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការរៀបចំសេចក្តីព្រាង «ផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» និង «ផែនការ សកម្មភាព»។ ទន្ទឹមនេះ, អង្គប្រជុំបានធ្វើការពិភាក្សាលើចំណុចសំខាន់ៗមួយចំនួន និងបានស្នើឱ្យក្រុមការងារពិនិត្យបន្ថែម លើការប្រើប្រាស់ពាក្យពេជន៍នៅក្នុងផ្នែកខ្លះរបស់ឯកសារ ដើម្បីឱ្យមានសង្គតិភាព។
ជាចុងបញ្ចប់, អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះការចូលរួមគាំទ្រ និងផ្តល់កិច្ចសហការពីថ្នាក់ដឹកនាំគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រុមការងារបច្ចេកទេសអន្តរក្រសួងសម្របសម្រួលការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង (ក.ប.ស.ផ.) និងលេខាធិការដ្ឋានក.ប.ស.ផ. ដែលបានខិតខំរៀបចំ និងកែសម្រួលសេចក្តីព្រាង «ផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» និង «ផែនការសកម្មភាព» ជាបន្តបន្ទាប់ស្របតាមមតិយោបល់របស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ធ្វើឱ្យសេចក្តីព្រាងផែនការមេនេះ កាន់តែមានភាពច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងបញ្ចប់តាមការគ្រោងទុករបស់រាជរដ្ឋាភិបាល៕