រតនគិរី៖ ប្រជាពលសហគមន៍ រស់នៅភូមិតាអងកាតែ ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី បានឡោមព័ទ្ធចាប់អ្នកកាប់ព្រៃអារ័ក្ស ០១នាក់ និងម៉ាស៊ិនត្រង់ស៊ីន័រ ០១ គ្រឿង ប្រគល់ឲ្យប៉ុស្តិ៍រដ្ឋបាលឃុំតាអង ដើម្បីចាត់ការបន្ត កាលពីយប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ នៅចំណុចក្នុងដីព្រៃសែនអារ័ក្ស ប៉ុន្តែបែរជាអាជ្ញាធរដោះលេងទៅវិញ។
អ្នកចូលកាប់ឈើក្នុងព្រៃអារ័ក្ស ដែលត្រូវប្រជាសហគមន៍ចាប់ខ្លួននោះ មានឈ្មោះ កំភិត អន់តាក់ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិគ្រឹង មុខរបរ ជាអ្នកដើររកស៉ីឈ្នួលកាប់រំលំដើមឈើចម្ការរស់នៅភូមិតាអងប៉ុក ឃុំតាអង ស្រុកកូនមុំ ខេត្តតរនគិរី បានលួចចូលទៅអាររំលំដើមឈើទាំងតូចទាំងធំ ក្នុងដីព្រៃអារ័ក្សអស់ប្រមាណជាង ៦០ដើម នៅលើផ្ទៃដីជាង ៣ហិកតា ដែលជាព្រៃតំណមការពារទុកសម្រាប់សែនអារ័ក្ស អ្នកតាជាប្រចាំឆ្នាំរបស់ពួកគាត់ ជាពិសេស ឈើល្អៗ ដូចជា ប្រភេទឈើស្រឡៅ សុក្រម ដែលមានមុខកាត់ធំៗជាដើម។ល។ ទុកសម្រាប់ប្រើប្រាស់រួមរបស់ភូមិ ដូចជា ធ្វើក្តាម្ឈូស និងសាងសង់ផ្ទះ ផ្នូរ ផងនោះ។
លោកស្រី ឡាវ សុខឃឿន សមាជិកភូមិតាអងកាតែ បានរៀបរាប់តាមប្រព័ន្ឋតេលេក្រាមក្នុងការផ្តល់ជាដំណឹងជូនទៅ លោក សេក ហៃ អភិបាលស្រុកកូនមុំ ដោយចោទប្រកាន់នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំតាអង ថាបានដោះលែងជនសង្ស័យដែលពលរដ្ឋឃាត់ខ្លួនពេលកំពុងអារំលដើមឈើដូនតារបស់ប្រជាសហគមន៍។
ពាក់ព័ន្ធរឿងនេះ លោក កុល ប៊ុនសក្តិ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំតាអង បានឲ្យសារព័ត៌មានដឹងតាមប្រព័ន្ធទូរសព្ទថា៖ «លោកជាប់មករៀននៅស្នងការចំនួនបីថ្ងៃ ហើយមិនបានប្រគល់សិទ្ធិទៅឲ្យរងប៉ុស្តិ៍នោះទេ អាងថាចុះឡើងៗ ចេញចូលប៉ុស្តិ៍ធម្មតា ការមិនបានទទួលយកជនសង្ស័យរូបនោះទេដោយសារគ្មានបញ្ជាពីលោកអធិការ លោកក៏ប្រគល់ទៅឲ្យរដ្ឋបាលឃុំជាអ្នកដោះស្រាយបន្ត»។
លោក ឌី ប៊ុនធី មេឃុំតាអង បានឲ្យក្រុមអ្នកសារព័ត៌មានដឹងតាមទូរសព្ទថា៖ «លោកពិតជាបានដោះលែងបុរសរូបនោះមែន»។
ប្រជាពលរដ្ឋប្រមាណជិត ១០០គ្រួសារ រស់នៅក្នុងភូមិ-ឃុំ កើតហេតុខាងលើ ពិតជាកើតទុកminសុខចិត្ត ចំពោះអាជ្ញាធរមូលដ្ឋានដែលមិនរកវិធីមកដោះស្រាយជូនពួកគាត់ឲ្យមានតល្លាភាព បែរជាធ្វើការដោះលែងជនសង្ស័យដែលពួកគាត់ខំដេញប្រផាប់ចាប់ប្រផីងទាំរាំបានប្រគល់ឲ្យអាជ្ញាធរ។ ពលរដ្ឋបានសំណូមពរ ដល់ថ្នាក់ដឹកនាំ តាមចាប់មេក្លោងដែលនៅពីក្រោយនៃការកាប់រំលំព្រៃអារ័ក្សមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ផងដែរ៕