ភ្នំពេញ៖ បុរសម្នាក់បើករថយន្ដស៊េរីទំនើបឆ្លងផ្លូវ មិនប្រយ័ត្នបុកត្រូវម៉ូតូសណ្តោងរុឺម៉កបណ្តាលអោយក្រឡាប់ផ្ងារជើងប៉ះត្រូវម៉ូតូមួយគ្រឿង រងការខូចខាត និងបណ្តាលឲ្យមនុស្សបីនាក់រងរបួសធ្ងន់ស្រាល ។
ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង២:៣០នាទីរសៀល នៅចំណុចស្ពាននាគវត្តភ្នំ ផ្លូវនរោត្តម កែងផ្លូវ១០៥សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
រថយន្តបង្កម៉ាក lexus LX570 KURO ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BJ-7866 បើកបរដោយបុរសម្នាក់ ។
ប្រភពពីភាគីម៉ូតូសណ្តោងរុឺម៉កបានប្រាប់អោយដឹងថា មុនកើតហេតុគាត់បើកម៉ូតូសណ្តោងរ៉ឺម៉ក ដឹកអីវ៉ាន់បោកអ៊ុតមានគ្នាពីរនាក់ ធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះនរោត្ដម ទិសដៅពីជើងទៅត្បូងក្នុងល្បឿនយឺតល្មម ។ ខណៈធ្វើដំណើរមកដល់ចំណុចកើតហេតុ ក៏មានរថយន្តlexus ខាងលើធ្វើដំណើរឆ្លងកាត់តាមផ្លូវ តាមបណ្ដោយផ្លូវ១០៦ ទិសដៅពីកេីតទៅលិច ក្នុងល្បឿនលឿនល្មម មកបុកចំម៉ូតូសណ្តោងរ៉ឺម៉កបណ្តាលអោយក្រឡាប់ ទៅប៉ះម៉ូតូហុងគុបជ្រុង បើកដោយបុរសចំណាស់បណ្តាលអោយដួលខ្ទាតប៉ះឃឿនចិញ្ចើមផ្លូវរងការខូចខាត និង របួសរលាត់ដៃជើង ។ ចំណែកជនយុវជនអ្នកបើកម៉ូតូរ៉ឺម៉ករងរបួសធ្ងន់ រលាត់ដៃជើង និង ចុកឆ្អល់ខ្លាំងត្រូវបានក្រុមការងារបញ្ជូនទៅសង្គ្រោះភ្លាមៗ និងអ្នករួមដំណើររងរបួសស្រាល ។ចំណែកភាគីខាងរថយន្តរងការខូចមួយកំណាត់មុខ បែកស្តុបមួយចំហៀងខាងស្តាំ ។
បន្ទាប់ពីកើតហេតុ អ្នកបើកបររថយន្ត បានហៅសាច់ញាតិមកដោះស្លាកលេខចេញភ្លាមៗ និង គេចខ្លួនចេញពីកន្លែងកើតហេតុ ហើយអោយតំណាងនៅដោះស្រាយ ។
ក្រោយកើតភាគីខាងរថយន្តបាននៅធានារ៉ាប់រងសងរាល់ការខូចខាតដែររថយន្តខ្លួនបានបង្ក ដោយសងទៅខាងម៉ូតូហុងដាគុបជ្រុងចំនួន១៥០ដុល្លារបញ្ចប់រឿង និង ដោះស្រាយជូនអ្នករបួស ភាគីខាងម៉ូតូសណ្តោងរ៉ឺម៉ក និង ថ្លៃខូចខាត បញ្ចប់រឿងនៅកន្លែងកើតហេតុ ៕