2024-03-27 01:03
270

ផ្លូវប្របមាត់ព្រែកប្រវែងប្រមាណជាង ៧០០ម៉ែត្រប្របជាមួយនឹងព្រែកកំពង់បាយចាប់ពីគល់ស្ពានថ្មថ្មី (ស្ពានកំពង់បាយ) រហូតដល់គល់ស្ពានឥន្ទធនូ (ស្ពានចាស់) ត្រូវបានអាជ្ញាធរខេត្តកំពតចាប់ផ្តើមបើកការដ្ឋានស្ថាបនា ដែលផ្លូវនេះគឺជាផ្លូវសម្រាប់ឱ្យប្រជាពលរដ្ឋ និងទេសចរអាចចូលលេងកម្សាន្តសួនមាត់ព្រែក ដែលសួននេះមានចំណតរថយន្ត ឆ្នេរខ្សាចងូតទឹក និងលេងកីឡាលើទឹកផ្សេងៗផងដែរ។

គម្រោងស្ថាបនាឆ្នេរខ្សាច់កម្សាន្តចន្លោះស្ពានថ្មី និងស្ពានចាស់ដែលមានប្រវែងជាង ៦០០ម៉ែត្រ ត្រូវបានអាជ្ញាធរខេត្តកំពតពន្លឿនក្នុងការស្ថាបនាដើម្បីបើកឱ្យភ្ញៀវទេសចរចូលលេងកម្សាន្តក្នុងពេលដ៏ខ្លីខាងមុខនេះ ជាក់ស្តែងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ នេះឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក៍បានដឹកនាំមន្ត្រី មន្ទីរ-អង្គភាពជំនាញ ចុះពិនិត្យ និងបើកការដ្ឋានស្ថាបនាផ្លូវប្របមាត់ព្រែកកំពង់បាយចាប់បីស្ពានថ្មី(ស្ពានកំពង់បាយ) រហូតដល់ស្ពានចាស់(ស្ពានឥន្ទធនូ) ដែលផ្លូវនេះមានប្រវែងប្រមាណជាង ៧០០ម៉ែត្រ។

ក្នុងដំណើរចុះពិនិត្យ និងបើកការដ្ឋានស្ថាបនាផ្លូវនេះ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា សម្រាប់ផ្លូវនេះគឺធ្វើបត់បែនទៅតាមទម្រង់នៃសួនកម្សាន្ត មានទំហំទទឹងពីរផ្សេងគ្នា ក្នុងនោះផ្លូវទទឹង ៩ម៉ែត្រ មានប្រវែង ៧២៩ម៉ែត្រ និងផ្លូវទទឹង ១២ម៉ែត្រ មានប្រវែង ២១ម៉ែត្រ។

ទន្ទឹមនឹងនោះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក៏បានស្នើដល់ប្រជាពលរដ្ឋដែលរស់នៅជាប់នឹងព្រែកកំពង់បាយ ហើយបានសាងសង់សំណង់ចូលក្នុងដីចំណីព្រែកដែលជាដីសាធារណៈរបស់រដ្ឋ ចូលរួមសហការរុះរើសំណង់ ក៏ដូចជាសហការជាមួយក្រុមការងារជំនាញដើម្បីស្ថាបនាផ្លូវនេះឱ្យបានរួចរាល់ក្នុងពេលដ៏ខ្លីខាងមុខនេះ។
ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តក៏បានជំរុញដល់អាជ្ញាធរក្រុងកំពត រួមនឹងមន្ទីរជំនាញពាក់ព័ន្ធត្រូវសិក្សាលំអិតអំពីមធ្យោបាយក្នុងការបញ្ជូនកាកសំណល់រាវដែលហូរចេញពីក្រុងកំពត ធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ដល់ទឹកក្នុងព្រែកកំពង់បាយ ដែលទឹកនេះគឺជាទឹកស្អាត ទឹករស់មានប្រភពមកពីតំបន់ទំនប់វារីអគ្គិសនីកំចាយ ហើយអាចឱ្យភ្ញៀវទេសចរងូតលេងកម្សាន្តបាន។

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានបញ្ជាក់ដែរថា គម្រោងស្ថាបនាឆ្នេរខ្សាច់កម្សាន្តចន្លោះស្ពានថ្មី(ស្ពានកំពង់បាយ) និងស្ពានចាស់(ស្ពានឥន្ទធនូ) ដែលមានប្រវែងជាង ៦០០ម៉ែត្រ ត្រូវរៀបចំឱ្យមានផ្លូវ សួនកម្សាន្ត ចំណតរថយន្ត និងឆ្នេរខ្សាច់ងូតទឹកលេងកម្សាន្ត រួមជាមួយនឹងការលេងកីឡាលើទឹកផ្សេងៗទៀងផងដែរ។
ឯកឧត្តមបានបន្ថែមថា តំបន់ឆ្នេរខ្សាច់កម្សាន្តចន្លោះស្ពានថ្មីនិងស្ពាន់ចាស់នេះគឺជាជាបេះដូងនៃក្រុងកំពត ហើយទៅថ្ងៃខាងមុខពេលមានព្រឹត្តិការណ៍ធំៗ នឹងត្រូវរៀបចំនៅទីនេះ។

ជាមួយគ្នានេះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តក៏បានលើកឡើងដែរថា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចបានដាក់ចុះនូវយន្តការ និងគោលការណ៍ជាច្រើនដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងជំរុញឱ្យអាជ្ញាធរតាមបណ្តារាជធានី-ខេត្តរៀបចំកែលម្អសោភ័ណភាព បង្កើតកន្លែងកម្សាន្ត ពិសេសអភិវឌ្ឍន៍កែលម្អបន្ថែមនៅតាមតំបន់ទេសចរណ៍នានាក្នុងភូមិសាស្ត្ររបស់ខ្លួន យ៉ាងណាម៉ិញខេត្តកំពត ក្រៅហេដ្ឋារចនានាសម្ព័ន្ធផ្លូវថ្នល់ រដ្ឋបាលខេត្តក៏មានគម្រោងកែលម្អសោភ័ណភាពក្រុងជាច្រើន ដោយបែងចែកទៅតាមដំណាក់កាលនីមួយៗ ធ្វើឱ្យក្រុងកំពតប្រែមុខមាត់ថ្មី។(សឹង រ៉ាត់)