2024-11-16 10:11
11

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះថ្នាក់ដឹកនាំស្ថាប័ន អង្គភាពមានកិច្ចទាំងអស់ បានជួបប្រជុំដើម្បីពិនិត្យអំពីផែនការ ការពារសន្ដិសុខសណ្ដាប់ធ្នាប់ ដែលកម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះមហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២ និងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (IDC-CDI)។ 

កិច្ចប្រជុំខាងលើនេះ ដឹកនាំដោយឯកឧត្តម យូ ស៊ុនឡុង, ឯកឧត្តម ជួន សុវណ្ណ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី, នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការ ទី៤ និងនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការដ្ឋានអង្គរក្ស។

នៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ស ថេត បានលើកឡើងថា គ្រប់បណ្ដាអង្គភាព ស្ថាប័ន និងកម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវធានាឲ្យបានដាច់ខាតនូវស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការបង្ការជំងឺផ្សេងៗ ជូនថ្នាក់ដឹកនាំរួមនិង ឥស្សរជនជាន់ខ្ពស់ ក្នុងពិធីនេះប្រកបដោយសុវត្ថិភាពបំផុត ។

នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានគូសបញ្ជាក់ថា គ្រប់អង្គភាពត្រូវប្រើប្រាស់វិធានការសរុប មធ្យោបាយសរុប និងកម្លាំងសរុប សំដៅធានាដល់កិច្ចសហការការពារ សុវត្ថិភាពក្នុងឱកាសកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំទាំងពីរនេះ។
 

លើសពីនេះ ត្រូវពង្រឹងកិច្ចសហការ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ពីគ្រប់អង្គភាព និងអាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធទាំងអស់ ដើម្បីអនុវត្តឲ្យបានសម្រេចតាមផែនការដែលបានដាក់ចេញ។

ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង ក៏ដូចជាឯកឧត្តម យូ ស៊ុនឡុង បានកត់សម្គាល់អំពីចំណុចប្រឈមមួយចំនួន ដែលគ្រប់អង្គភាពទាំងអស់ ត្រូវបង្កើនស្មារតីយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីធានាឲ្យបានទាំងស្រុងនូវសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពក្នុងព្រឹត្តិការណ៍ទាំងអស់នេះ។

សូមជម្រាបថា កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (IDC-CDI) ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។

ដោយឡែក កិច្ចប្រជុំមហាសន្និបាតសន្និសីទអន្ដរជាតិ នៃបណ្ដាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែវិច្ឆិកាខាងមុខនេះ ៕