2024-04-29 08:04
234

កំពង់ស្ពឺ៖ លោកឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤នេះ បាន ដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធយោធិន ចំនួន ២០រូប ដែលបានពលី ក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅទីបញ្ជាការដ្ឋានយោធភូមិភាគទី៣ ដោយនាំយកថវិការ របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនសាច់ញាតិក្រុមគ្រួសារនៃសពផងដែរ ។ 
ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈផងដែរ។ 
   នៅក្នុងឱកាសអញ្ជើញគោរពវិញ្ញាណក្ខន្ធយោធិនដែលបានពិលីនេះ លោកឧបនាយករដ្ឋមន្រ្តី ទៀ សីហា ក៏បាននាំយកនូវសារចូលរួមរំលែកទុក្ខរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារសពផងដែរ។ 
   លោកឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏បាននាំយកថវិកាប្រគល់ជូនក្រុមគ្រួសារសពយោធិន ក្នុង១គ្រួសារទទួលបាន  ២ម៉ឺនដុល្លារ ជាថវិការបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត, ថវិកា ៣លានរៀល ជាថវិកាក្រសួងការពារជាតិ, ថវិកា ៥ពាន់ដុល្លារ ជាថវិកាបានមកពីសប្បុរសជននានា និង ក្នុង ១គ្រួសារទទួលបសន ១លានរៀលបន្ថែមទៀត ជាថវិការបស់ លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។ 
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤ មានករណីឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគីទី៣ បណ្តាលឱ្យយោធិនចំនួន ២០រូប បានពលីជីវិត និងយោធិនមួយចំនួនទៀតបានរបួស។ ជាមួយនឹងសារចូលរួមរំលែកទុក្ខ និងជួយថវិកាទៅក្រុមគ្រួសារសពយោធិន សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានផ្តល់ថវិកាចំពោះយោធិនដែលរងរបួសក្នុងឧបទ្ទវហេតុនេះ ក្នុងម្នាក់ៗ ចំនួន ២០លានរៀលផងដែល៕