2023-09-15 10:16
324

ភ្នំពេញ ៖ លោកវរសេនីយ៍ឯកសែម រតនា ស្នងការរង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា កម្លាំងនគរបាលខណ្ឌដង្កោ ត្រូវពង្រឹងនិងយកចិត្តទុកដាក់បន្ថែមរួមគ្នាអនុវត្តតាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល និងបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បម្រើសេវាជូនប្រជាពលរដ្ឋលើគ្រប់រូបភាពនៅក្នុងមូលដ្ឋាន ចូលរួមរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ បង្ការ ការពារ ទប់ស្កាត់នូវរាល់បទល្មើសផ្សេងដែលកើតមានឡើង ដើម្បីទទួលបានការគោរពស្រលាញ់ និងការគាំទ្រពីប្រជាពលរដ្ឋ ។ នេះជាការលើកឡើងក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ដល់មន្រ្តីនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ចំនួន៥៣នាក់ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខណ្ឌដង្កោ ។

 លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានឱ្យដឹងថា មន្រ្តីនគរបាលដែលត្រូវប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង នាពេលនេះ មានចំនួន១០នាក់ និងបំពាក់ឋានន្តរសក្តិ មានចំនួន៤៣នាក់ ។ លោកអធិការបានបន្តថា កន្លងមកកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានបំពេញការងារបានយ៉ាងល្អក្នុងនាមជាសេនាធិការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយគោរពអនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដើម្បីសម្រេចភារកិច្ចការងារដែលថ្នាក់ដឹកនាំប្រគល់ឱ្យ ក្នុងការស្មារតីទទួលខុសត្រូវខ្ពស់ ។  លោកជឹម ស៊ីថា បន្តថា កងកម្លាំងនគរបាលខណ្ឌដង្កោនឹងខិតខំបង្កើននូវសមត្ថភាពឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀតក្នុងកិច្ច ការពាររក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ឲ្យកាន់តែប្រសើរថែមទៀត ក្នុងបុព្វហេតុការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោតស្របតាមឆន្ទៈប្រជាពលរដ្ឋ ពង្រឹងស្ថេរភាពនយោបាយ សន្តិភាពបានរឹងមាំ ទប់ស្កាត់ឲ្យខានតែបានរាល់បទល្មើសគ្រប់ប្រភេទឲ្យថយចុះកំរិត អប្បរិមា ដើម្បីបង្កើនជំនឿជឿជាក់យ៉ាងកក់ក្តៅ ពីប្រជាពលរដ្ឋ មកលើសមត្ថកិច្ចនគរបាល ។

 ក្នុងឱកាសនោះ  លោកវរសេនីយ៍ឯកសែម រតនា បានថ្លែងនូវការនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញភារៈកិច្ចបានយ៉ាងល្អរបស់កម្លាំងនគរបាលខណ្ឌដង្កោ ក្នុងការបង្ក្រាបនូវរាល់បទល្មើសលួច ឆក់ ប្លន់ ដែលកើតមានឡើងក្នុងមូលដ្ឋាន និងអន្តរាគមន៍ជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ។ 

 លោកស្នងការរងបានបន្ថែមថា កម្លាំងនគរបាលត្រូវឆ្លងកាត់វគ្គបណ្តុះបណ្តាលជំនាញរបស់ខ្លួនជាប្រចាំ ដើម្បីធ្វើយ៉ាងណាឱ្យមានសមត្ថភាពកាន់តែខ្លាំង និងពិតប្រាកដឱ្យសាកសមជាមន្រ្តីនគរបាលជាតិ ក្នុងការបម្រើប្រទេសជាតិ និងប្រជាជន ។

 ជាមួយគ្នានេះ លោកវរសេនីយ៍ឯកសែម រតនា ស្នងការរង ក៏បានផ្តាំផ្ញើដល់កម្លាំងនគរបាលដែលចំណុះឱ្យអធិការដ្ឋាននគរបាលខណ្ឌដង្កោទាំងអស់ ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ និងបង្កើនការសហការជាមួយអង្គភាព ឬស្ថាប័នដែលពាក់ព័ន្ធ ធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួលជាមួយគ្នា ពិសេសមិនត្រូវជាប់ពាក់ព័ន្ធជាមួយនឹងបទល្មើសផ្សេងៗ ដែលផ្ទុយពីវិន័យរបស់កងកម្លាំងនគរបាលជាតិនោះទេ ៕