2024-10-28 01:10
13

រាជធានីភ្នំពេញ៖ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានសមាគមគ្រូពេទ្យទារកកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាក្រោមប្រធានបទ                       ការសង្គ្រោះទារកទើបនឹងកើត   និងសន្និសីទសមាគមគ្រូពេទ្យទារកនៅថ្ងៃទី២ ក្រោមប្រធានបទ "Antenatal And Perinatal Update ដើម្បីចូលរួមពន្លឿន ការកាត់បន្ថយ           អត្រាមរណភាពមាតា និងទារក"  ។

សន្និសីទ និងសិក្ខាសាលានេះ មានគោលបំណង ផ្តល់នូវចំណេះដឹងថ្មីបន្ថែមដល់មន្រ្តី សុខាភិបាល ជាគ្រូពេទ្យ គិលានុបដ្ឋាក និងឆ្មបពីការថែទាំ និងព្យាបាលម្តាយ ទារកទើបកើត និងកុមារ ដូចជាសង្រ្គោះទារក ក្រោយសម្រាល ការតាមដានការ លូតលាស់មិនប្រក្រតីរបស់ទារកក្នុងផ្ទៃ ការពិនិត្យស្វែងរកជំងឺពីកំណើតដោយការជុះកែងជើងទារក ជំងឺកាមរោគ និងបទពិសោធន៍ផ្សេងៗ ទៀត ដែលមានការចែករំលែកពី វាគ្មិនជាតិ និងអន្តរជាតិ។

លោកជំទាវសាស្រ្តាចារ្យក៏បានផ្តល់អនុសាសន៍ជូនអង្គពិធីទាំងមូល ជាពិសេសថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ (១) រៀបចំពិនិត្យមើលសម្ភារៈចាំបាច់សម្រាប់ ជួយសង្រ្គោះទារក (២) រៀបចំបណ្តុះបណ្តាលពីជំនាញសង្រ្គោះទារកដល់គ្រូពេទ្យ ឆ្មប និងគិលានុបដ្ឋាកដើម្បីធានាថាមានសមត្ថភាពគ្រប់ គ្រាន់ក្នុងការផ្តល់សេវា ដែលមានគុណភាព និងសុវត្ថិភាពដល់មាតា ទារក និងកុមារ និង (៣) ថ្នាក់ក្រោមជាតិមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក មន្ទីរពេទ្យឯកជន សូមធ្វើការបញ្ជូនស្ត្រីមានផ្ទៃពោះមានបញ្ហាប្រឈម និងទារក ដែលមានបញ្ហាសុខភាពឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

អង្គសិក្ខាសាលា និងសន្និសីទនេះមានការចូលរួមពីឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងឯកឧត្តម អគ្គនាយក រងមន្ទីរពេទ្យកាល់ម៉ែត ប្រធានមន្ទីរ សុខាភិបាល រាជធានី-ខេត្តទាំង២៥ ប្រធានមន្ទីរពេទ្យថ្នាក់ជាតិ ប្រធានគណៈគ្រូពេទ្យកម្ពុជា ប្រធាន គណៈឆ្មប គណៈគិលានុបដ្ឋាក មន្ទីរពេទ្យខេត្ត និងថ្នាក់ក្រោមជាតិ ដទៃទៀត ភ្ញៀវជាតិ និងអន្តរជាតិ សរុបចូលផ្ទាល់ចំនួន ៣០៦រូប និងតាមប្រព័ន្ធ Zoom ចំនួន ២២៣០រូប។