លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានលើកឡើងថា «ករណីនេះ សមត្ថកិច្ចមូលដ្ឋានរាយការណ៍តាំងពីកើតហេតុភ្លាមៗ ថាមានគ្រោះថ្នាក់ដោយឯងៗ យ៉ាងណាក៏ដោយលោកបានចាត់បញ្ជូនជំនាញចុះស្រាវអង្កេតដោយយកចិត្តទុកដាក់ជាទីបំផុតតាំងពីព្រឹកព្រលឹម។ ដូចនេះសុំបណ្តាសារព័ត៌មានផ្សាយដោយយកចិត្តទុកដាក់ បើមានភស្តុតាងពិតជាមានការគប់កញ្ចក់រថយន្តមែន សូមបងៗផ្សាយឱ្យបានភ្លូកទឹកភ្លូកដីចុះ ប៉ុន្តែបើមិនទាន់មានភស្តុតាងទេ បងៗផ្សាយចេញបែបនេះ គឺប៉ះពាល់ក៏ធ្ងន់ធ្ងរដែរ ដល់សមត្ថកិច្ចមូលដ្ឋាន»។
របាយកាណ៍ប៉ូលិស បានឱ្យដឹងថា នៅវេលាម៉ោង ១០និង៣៤នាទី ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តកុងតឺន័រ បានរេចង្កូតធ្លាក់ផ្លូវដោយខ្លួនឯង ស្ថិតនៅភូមិព្រៃខ្លា ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង បណ្តាលឲ្យបុរសអ្នកបើកបរ ០១នាក់ បានស្លាប់ ត្រូវបាននគរបាលចុះអន្តរាគមន៍។ រថយន្តដែលរេចង្កូតធ្លាក់ផ្លូវមឲបុកនឹងដើមឈើ ម៉ាក ហានដាយ ពណ៌ទឹកប្រាក់ សណ្តោកទូកុងតឺន័រ បើកបរដោយឈ្មោះ ឡុង វិទូ ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិស្វាយជ្រុំ ឃុំស្វាយជ្រុំ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។
សូមរំឭកថា ពាក់ព័ន្ធករណីរថយន្តកុងតឺន័រជួបគ្រោះថ្នាក់ចរាចរណ៍បើករេចង្កូតធ្លាក់ផ្លូវខ្លួនឯងបណ្តាលឱ្យតៃកុងស្លាប់ភ្លាមៗ បែរជាមានបណ្តាញសារព័ត៌មានមួយចំនួនបានផ្សាយថា មានជនពាលគប់កញ្ចក់ឡានទើបបង្កឱ្យមានគ្រោះថ្នាក់បែបនេះ ដែលជាហេតុនាំឱ្យប៉ះពាល់យ៉ាងធ្ងនធ្ងរដល់សមត្ថកិច្ចមូលដ្ឋានយ៉ាងខ្លាំង ប៉ុន្តែការផ្សាយនេះមិនមែនជារឿងឡើយ។