2024-02-21 19:50
218

នៅទីស្តីការក្រសួងយុត្តិធម៌ នាព្រឹកថ្ងៃអង្គារ ទី២០ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានទទួលជួបសម្តែងការគួរសមជាមួយគណៈប្រតិភូនៃឧត្តមក្រុមប្រឹក្សាសារការី ដែលដឹកនាំដោយលោកសាស្ត្រាចារ្យ ហ្សង់ ដេលីក Jean DELEAGE តំណាងឧត្តមក្រុមប្រឹក្សាសារការី ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងគណៈប្រតិភូនៃវិទ្យាស្ថានជាតិ បណ្តុះបណ្តាលវិជ្ជាជីវៈសារការី ប្រទេសបារាំង ដែលដឹកនាំដោយ លោក សាស្ត្រចារ្យ មូស្តាហ្វា មេកគី Mustapha MEKKI អគ្គនាយកវិទ្យាស្ថានជាតិ           បណ្តុះបណ្តាលវិជ្ជាជីវៈសារការី ប្រទេសបារាំង។ ជំនួបសម្តែងការគួរសមនេះ ក៏មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌ និងបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាផងដែរ។
នៅក្នុងឪកាសនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រីកើត រិទ្ធ  បានសម្តែងនូវការស្វាគមន៍             គណៈប្រតិភូ ឧត្តមក្រុមប្រឹក្សាសារការី ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងគណៈប្រតិភូនៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលវិជ្ជាជីវៈសារការី ប្រទេសបារាំង មកកាន់ក្រសួងយុត្តិធម៌។             ជាមួយគ្នានោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីតួនាទីរបស់កម្ពុជា ក្នុងការជួយជំរុញនិងលើកកម្ពស់ភាសាបារាំងនៅក្នុងតំបន់ ក្នុងឋានៈកម្ពុជាជាប្រទេសឈានមុខគេនៅក្នុងតំបន់ពាក់ព័ន្ធនឹងការនិយាយភាសាបារាំង។ ថ្មីៗនេះ, ប្រទេសកម្ពុជា និងប្រទេសបារាំង ទើបនឹងបានលើកកម្ពស់កិច្ចសហប្រតិបត្តិការមួយកម្រិតទៀតទៅជាកិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្ត្រ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការរបស់                 សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ប្រទេសបារាំង នាពេលកន្លងទៅនេះផងដែរ ។