ព្រៃវែង៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា សន្តិភាពប្រៀបបានទៅនឹងខ្យល់អុកស៊ីសែន ដែលមានតម្លៃបំផុតសម្រាប់ជីវិត និងការរស់នៅរបស់មនុស្សគ្រប់រូប។ នេះជាការថ្លែងរបស់ឯកឧត្តមបណ្ឌិត ក្នុងពិធីសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តពោធិដ្ឋាន (ហៅវត្តថ្លាវ) ស្ថិតក្នុងឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ នេះ។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ពេលដែលឯកឧត្តមដើរចូលមកមានអ៊ុស្រីម្នាក់ស្រែកថា «អរគុណសន្តិភាព! អរគុណសន្តិភាព» ភាសារនេះយើងបានឭចង់ធុញទៅហើយសូម្បីពេលដេកក៏យល់សប្តិដែរ ប៉ុន្តែពាក្យ «អរគុណសន្តិភាព» នេះសំខាន់នៅពេលដែលបាត់បង់វា។ ឯកឧត្តមបណ្ឌិត បានបន្ថែមថា «សន្តិភាពប្រៀបដូចខ្យល់់មើលអត់ឃើញទេ ប៉ុន្តែអ្វីក្រៅពីខ្លួនយើងមានស្អីសំខាន់ គឺខ្យល់ សន្តិភាពដូចគ្នា»។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា «អញ្ចឹងបានថា ថ្លៃនូវតម្លៃអ្វីដែលយើងមើលមិនឃើញតែផ្តល់ជីវិតឱ្យយើង សន្តិភាពដូចគ្នាពាក្យមួយម៉ាត់នេះដូចជាសាំណាស់ពេលដែលប្រទេសគ្មានសង្គ្រាមវាដូចជាធម្មតា ប៉ុន្តែពេលបាត់បង់វាទើបដឹងថាមានតម្លៃ»។ ដោយសារមនុស្សយើងមើលវាមិនឃើញអាចអោយយើងមិនចាប់អារម្មណ៍ពីតម្លៃរបស់ «ខ្យល់អុកស៊ីសែន និងសន្តិភាព» ប៉ុន្តែមនុស្សគ្រប់រូបនឹងយល់ពីតម្លៃពិតប្រាកដរបស់វានៅពេលដែលវាបាត់បង់។ ហេតុដូច្នេះ សូមយើងកុំរង់ចាំដល់ពេលសន្តិភាពបាត់បង់បានយើងអោយតម្លៃ យើងត្រូវចងចាំពីគុណតម្លៃនៃសន្តិភាពនិងរួមគ្នាថែរក្សាសន្តិភាពអោយបានជាដាច់ខាត៕